ប្រទេសកម្ពុជា រៀបចំប្រារព្ធទិវាជីវៈចម្រុះ​អន្តរជាតិ​ក្រោមប្រធានបទ​ «ជីវៈចម្រុះ​ និងទេសចរណ៍​ប្រកបដោយ​និរន្តរភាព»​

ថ្ងៃចន្ទ ទី ២២ ឧសភា ២០១៧​
751

ដើម្បីចូលរួមអបអរទិវាជីវៈចម្រុះអន្តរជាតិក្រោមប្រធានបទ «ជីវៈចម្រុះ និងទេសចរណ៍ប្រកបដោយនិរន្តរភាព» ប្រទេសកម្ពុជារៀបចំប្រារព្ធទិវានេះឡើង នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រាជធានីភ្នំពេញ។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ទិវាជីវៈចម្រុះអន្តរជាតិ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការ ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងនាយកដ្ឋានជីវៈចម្រុះនៃ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព ព្រមទាំងមានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានាពិសេសអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសហគមន៍អ៊ឺរ៉ុប(EU) ហើយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល សិស្ស និស្សិតប្រមាណ៥០០នាក់ផងដែរ។

លោកបានឲ្យដឹងបន្ថែមទៀតថា ធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខមាលភាពមនុស្សនៅលើភពផែនដី។ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន បានរៀបចំនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាតិស្ដីពីជីវៈចម្រុះ ដែលបានផ្ដោតការយកចិត្តទុកដាក់លើការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដោយរួមបញ្ចូលទាំងនិរន្តរភាពវិស័យទេសចរណ៍ ព្រមទាំងបានលើកឡើងនូវទិសដៅនៃការអភិរក្សប្រភេទនានា និងការជំរុញលើកកម្ពស់ផ្នែកសេវាកម្មនៅក្នុងឧទ្យាន (Park Services) ដល់ភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត។ អ្នកសារព័ត៌មានជាតិ និងអន្តររជាតិ ត្រូវបានអញ្ជើញចូលរួមយកព័ត៌មានក្នុងកម្មវិធីនេះផងដែ៕

ចែករំលែក

បញ្ចេញយោបល់