ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយកាលពីថ្ងៃអង្គារថា បើទោះបីជាប្រទេសតួកគី និងប្រទេសម៉ុងហ្គោលីមិនស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដោយ ក៏លោកត្រៀមខ្លួនជាស្រេចក្នុងការ «គាំទ្រ» គោលបំណងរបស់ប្រទេសទាំងពីរដែលចង់ចូលទៅក្នុងអាស៊ាន។
នៅក្នុងសន្និសីទកាសែតមួយ នៅពេលគាត់មកដល់ទីក្រុង Davao កាលពីព្រឹកថ្ងៃអង្គារ លោក Duterte ស្ម័គ្រចិត្តឱ្យលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan នាយករដ្ឋមន្រ្តីម៉ុងហ្គោលីលោក Jargaltulga Erdeneba ធ្វើការស្នើសុំទៅគាត់ នៅពេលពួកគេបានជួបគ្នាដោយឡែកនៃកិច្ចប្រជុំផ្លូវមួយខ្សែក្រវ៉ាត់មួយក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
គាត់បាននិយាយថា ពួកគេបានធ្វើការស្នើរសុំទៅគាត់ ដោយសារប្រទេសហ្វីលីពីនជាប្រធានអាស៊ាននៅឆ្នាំនេះ។
គាត់បាននិយាយថា « ពួកគេចង់ចូលជាសមាជិកអាស៊ាន ។ ហើយដោយសារឥឡូវនេះខ្ញុំជាប្រធានអាស៊ាន ពួកគេចង់ឱ្យខ្ញុំគាំទ្រដល់ការចូលជាសមាជិកនេះ ហើយខ្ញុំបាននិយាយថា បាទ ហេតុអ្វីថា មិនបាន?»។
ជាក់ស្តែង ផែនការរបស់គាត់ត្រូវបានចោទសួរដោយលោកស្រី Aung San Suu Kyi ដែលជាក្រុមប្រឹក្សារដ្ឋនៃប្រទេសមីយ៉ាន់ម៉ា និងជាសមាជិកអាស៊ាន ហើយលោកស្រីក៏បានចូលរួមព្រឹត្តិការណ៍នៅទីក្រុងប៉េកាំងផងដែរ។
«លោកស្រី Aung San Suu Kyi បាននិយាយថា តើអ្នកបានពិចារណាទៅលើទីតាំងភូមិសាស្ត្រជាក់ស្តែងថា តើប្រទេសទាំងពីរជាផ្នែកមួយរបស់អាស៊ាន ឬក៏អត់?»។
លោក Duterte បាននិយាយរំលឹកឡើងដោយប្រើភាសាហ្វីលីពីនលាយជាមួយអង់គ្លេស ដោយគាត់បានឆ្លើយថា «ពួកគេជាផ្នែកមួយនៃអាស៊ាន ខ្ញុំចង់និយាយថា វាគឺអញ្ចឹងមែន។ តួកគីហាក់ដូចជាដើរតួរជាស្ពានមេត្រីពីអឺរ៉ុបមកអាស៊ី ឬប្រទេសនេះខ្លួនឯងជាអាស៊ីតែម្តង។
នៅក្រោមធម្មនុញ្ញអាស៊ាន ការទទួលយកប្រទេសណាមួយឱ្យចូលជាសមាជិកអាស៊ាន គឺផ្អែកលើលក្ខណៈវិនិច្ឆ័យមួយចំនួននៅក្នុងនោះរាប់បញ្ចូលទាំង «ទីតាំងដែលគេទទួលស្គាល់ថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ប្រទេសតួកគីជាប្រទេសមួយដែលនៅចន្លោះនៅតំបន់អឺរ៉ុប និងអាស៊ី។ ម៉ុងហ្គោលីមានព្រំប្រទល់ជាប់ប្រទេសចិន និងប្រទេសរុស្ស៊ី។
មានបណ្តាប្រទេសដែលត្រូវបានគេចាត់ទុកថា ជាប្រទេសដែលទទួលចំណាត់ថ្នាក់ជាអ្នកសង្កេតការណ៍នៅក្នុងតំបន់អាស៊ាន ឬជាដៃគូសន្ទនារបស់អាស៊ាន ដែលមានទីផ្សារជាង ៦០០ លាននាក់។
Papua New Guinea ជាអ្នកសង្កេតការណ៍អាស៊ានចាប់តាំងពីឆ្នាំ ១៩៧៦ រួមជាមួយនឹងទីម័រដែលបានស្នើសុំចូលជាសមាជិកអាស៊ាននៅឆ្នាំ ២០១១។
មាន ៩ ប្រទេសដែលជាដៃគូសន្ទនារបស់អាស៊ាន៖ អូស្រ្តាលី, កាណាដា, ចិន, ឥណ្ឌា, ជប៉ុន, ញ៉ូហ្សេឡេន, កូរ៉េខាងត្បូង, រុស្ស៊ី និងសហរដ្ឋអាមេរិក។ សហភាពអឺរ៉ុបគឺជាដៃគូសន្ទនាផងដែរ៕
ប្រភព: Rappler.com ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧