នៅពាក់​កណ្តាល​ឆ្នាំ​២០១៦ កំពង់ផែ​កំពង់​សោមនឹង​បើកការ​ជួញដូរ​ភាគហ៊ុន

ថ្ងៃអង្គារ ទី ២៦ មេសា ២០១៦​
206

បន្ទាប់ពីកំពង់ផែភ្នំពេញ បានចូលក្នុងទីផ្សារមូលបត្រកាលពីដើមខែធ្នូ ឆ្នាំ២០១៥ ឥឡូវនេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងរៀបចំផែនការ និងឯកសារ សម្រាប់ចូលប្រឡូកក្នុងវិស័យទីផ្សារមូលបត្រ ហើយរំពឹងថានៅពាក់កណ្តាលឆ្នាំ២០១៦នេះ នឹងអាចដំណើរការបាន។

ឯកឧត្តម លូ គឹមឈុន  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ថា «កំពង់ផែព្រះសីហនុ បាននិងកំពុងរៀបចំឯកសារ ការសិក្សាស្រាវជ្រាវ និងផែនការយ៉ាងច្បាស់លាស់ សម្រាប់ឡើងផ្សារហ៊ុននិង បោះផ្សាយមូលបត្រជាសាធារណៈ។ តាមគម្រោងនឹងអាចដំណើរការបាននៅពាក់កណ្តាលឆ្នាំ២០១៦នេះ»។

ទាក់ទងនឹងកត្តាដែលជំរុញឱ្យកំពង់ផែព្រះសីហនុចូលរួមក្នុងទីផ្សារមូលបត្រកម្ពុជា ឯកឧត្តមអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលើកឡើងថាធម្មតាទីផ្សារមូលបត្រកើតមានស្ទើរគ្រប់ប្រទេស។ យើងក៏ជាប្រទេសមួយក្នុងអាស៊ានផងដែរ ដូច្នេះគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលក្នុងការលក់ភាគហ៊ុនគឺត្រូវតែមាន។ ម៉្យាងទៀតស្របពេលដែលអាជីវកម្មកំពង់ផែព្រះសីហនុដំណើរការល្អ  វាជាឱកាសមួយដែលកំពង់ផែគួរតែលក់មូលបត្រ។

ឯកឧត្តម លូ គឹមឈុន  បានឱ្យដឹងទៀតថា«ការចូលក្នុងផ្សារមូលបត្ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរបានធ្វើជាម្ចាស់ភាគហ៊ុនក្នុងកំពង់ផែ ក៏ដូចជាជួយអ្នកដែលមានលុយមកវិនិយោគជាជាងទុកលុយទំនេរចោល។ នៅពេលកំពង់ផែមានការអភិវឌ្ឍ ប្រជាជនមានភាគហ៊ុនក៏អាចទទួលផលប្រយោជន៍ បានចំណេញប្រាក់ពេលហ៊ុនឡើងថ្លៃ»។

ទោះជាយ៉ាងណាក៏ដោយ កំពង់ផែមិនទាន់ដឹងថាតើនឹងត្រូវលក់ហ៊ុនប៉ុន្មានភាគរយទេ ស្ថិតក្នុងការពិចារណានៅឡើយ។

អ្នកជំនាញផ្សារហ៊ុន លោក ល្មូន សាឡី អនុប្រធានផ្នែកប្រតិបត្តិទីផ្សាររបស់ CSX បានឲ្យដឹងថាផ្សារមូលប័ត្រ កម្ពុជាបច្ចុប្បន្នមានការចាប់អារម្មណ៍កាន់តែច្រើនពីសាធារណជនបើធៀបកាលពីដំបូងហើយវានឹងបន្តភាពទាក់ទាញបន្ថែមទៀតនៅពេលមានក្រុមហ៊ុនចុះបញ្ជីកាន់តែច្រើន។

ចំណែកលោក ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជាបានលើកឡើងនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ការយល់ដឹងពីផ្សារមូលបត្រដល់អ្នកសារព័ត៌មាននាពេលកន្លងមកថា៖ គណៈកម្មការមូលបត្រកម្ពុជាបើកចំហស្វាគមចំពោះក្រុមហ៊ុនដែលមានបំណងស្នើសុំអាជ្ញាប័ណ្ណដើម្បីឡើងផ្សារហ៊ុន ព្រោះកាលណាមានក្រុមហ៊ុនចូលរួមកាន់តែច្រើននឹងធ្វើឲ្យការប្រកួតប្រជែងតម្លៃកាន់តែប្រសើរហើយអតិថិជននឹងទទួលបានផលចំណេញកាន់តែច្រើនដែរ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយជាសហគ្រាសទីបួនដែលបានចុះបញ្ជីលក់ភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជាក្នុងពេល ខាងមុខនេះ ខណៈដែលបច្ចុប្បន្នទើបតែមានអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងភ្នំពេញនិងក្រុមហ៊ុនហ្គ្រេនធ្វីនអ៊ីនធើណេស៊ិនណលប៉ុណ្ណោះដែលបានចុះបញ្ជី។

គួររំលឹកថាកំពង់ផែស្វយ័តភ្នំពេញ បានចុះបញ្ជីជាផ្លូវការនៅក្រុមហ៊ុនមូលបត្រកម្ពុជានាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្លាប់បានមានប្រសាសន៍នៅក្នុងពិធីចុះបញ្ជីជាផ្លូវការរបស់កំពង់ផែភ្នំពេញនៅក្រុមហ៊ុនមូលបត្រកម្ពុជាថា ដើម្បីជំរុញវិស័យមូលបត្រកម្ពុជាឲ្យរីកចម្រើនកាន់តែឆាប់រហ័សរាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រដែលនឹងផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនិងចុះបញ្ជីជួញដូរមូលបត្រនៅផ្សារមូលបត្រដោយកាត់បន្ថយពន្ធលើប្រាក់ចំណេញ ចំនួន៥០ភាគរយនិងទទួលបានការអនុគ្រោះបំណុលពន្ធលើប្រាក់ចំណេញស្របតាមលក្ខខណ្ឌដូចមានចែងក្នុងអនុក្រឹត្យនេះសម្រាប់ក្រុមហ៊ុនធ្វើការបោះផ្សាយ និងចុះបញ្ជីលក់មូលបត្របានជោគជ័យមុនដំណាច់ឆ្នាំ២០១៧ ខាងមុខនេះ។ ហើយដើម្បីទាក់ទាញក្រុមហ៊ុនចុះបញ្ជីជួញដូរមូលបត្រក្នុងទីផ្សារមូលបត្រឲ្យបានច្រើនថែមទៀត និងជាផ្នែកមួយនៃយុទ្ធសាស្រ្ត ក្នុងការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមរៀបចំ និងដាក់ឲ្យអនុវត្តនូវបទប្បញ្ញត្តិចាំបាច់នានាដែលអនុញ្ញាតឲ្យសហគ្រាស ខ្នាតតូច និងមធ្យមអាចបោះផ្សាយលក់មូលបត្រជាសាធារណៈ និងចុះបញ្ជីនៅក្នុង ផ្សារមូលបត្រកម្ពុជាបានព្រមទាំងអាចទទួលបាននូវអត្ថប្រយោជន៍ នៃការលើកទឹកចិត្តផ្នែកពន្ធដារក្នុងវិស័យមូលបត្រផងដែរ៕

អត្ថបទ ៖ ប៊ុនធី

 

2016-01-27_CSX_SHN-PORT-04 2016-01-27_CSX_SHN-PORT-03 20160127_sihanuk_Port_-01 2016-01-27_CSX_SHN-PORT-01

ចែករំលែក

បញ្ចេញយោបល់