ក្នុងពិធីសំណេះសំណាល និងចែកជូនទឹកស្អាតជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខិតខំធ្វើដើម្បីបម្រើប្រជាពលរដ្ឋ ប៉ុន្តែទន្ទឹមនឹងនេះយើងមិនដោះស្រាយឱ្យអស់តាមគ្រប់តម្រូវការនោះទេ។ ដោះស្រាយបានតិច បានច្រើន យើងខិតខំបន្ដដោះស្រាយ តំរូវការជូនប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានខិតខំធ្វើជាង ៣០ឆ្នាំមកហើយតាំងពីលោកនៅយុវជនម្លេះ ហើយសម្តេចខិតខំធ្វើបន្តទៀតដើម្បីប្រជាពលរដ្ឋ។ សូមប្រជាពលរដ្ឋបន្តការគាំទ្រនិងជឿទុកចិត្តការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ដែលនេះគឺជាការផ្តល់យុត្តិធម៌ និងតម្លៃដល់អ្នកធ្វើពិតប្រាកដ ខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឲ្យដឹងថា កាលពីជាង ៣០ឆ្នាំមុន យើងខ្វះអ្វីៗគ្រប់យ៉ាង គឺពុំមានសុខសន្តិភាព សិទ្ធិសេរីភាព គ្មានឱកាសកសាងជីវភាពបានល្អប្រសើរ គ្មានផ្លូវស្អាត និងសមិទ្ធិផលផ្សេងៗទៀត កូនចៅប្រជាពលរដ្ឋគ្មានឱកាសធ្វើការងារល្អនោះទេ ប៉ុន្តែនៅពេលនេះ ប្រជាពលរដ្ឋមានអ្វីៗគ្រប់បែបយ៉ាង គឺយើងរស់នៅសុខសន្តិភាព មានសិទ្ធិសេរីភាព មានឱកាសកសាងជីវភាពបានល្អប្រសើរ ផ្លូវស្អាត និងសមិទ្ធិផលផ្សេងៗទៀត កូនចៅប្រជាពលរដ្ឋឱកាសធ្វើការងារតាមបណ្តាក្រុមហ៊ុន រោងចក្រ និងកន្លែងដទៃទៀត ដែលទាំងអស់នេះ គឺជាការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាព្រោះ ថាគ្មាននរណាធ្វើ និងជួយប្រជាជនជាងរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជានោះទេ។
លោកថា ជាក់ស្តែងនៅតំបន់ភ្នំម្រះព្រៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនេះ គឺមានមណ្ឌលសុខភាពក្រាំងអម្ពិលសម្រាប់ព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមានម៉ាស៊ីនផលិតទឹកស្អាតចែកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ដោយមិនគិតកំរៃ និងចែកជូនជាបន្តបន្ទាប់ជុំវិញតំបន់នោះ និងមានផ្លូវសម្រាប់ធ្វើដំណើរទៅកាន់តំបន់ទីជិតឆ្ងាយបានយ៉ាងងាយស្រួល ជាពិសេសផ្លូវប្រវែង ៧គីឡូម៉ែតចាក់ក្រាលកៅស៊ូ នឹងលេចរូបរាងនៅក្នុងមូលដ្ឋានរបស់បងប្អូននាពេលឆាប់ៗខាងមុខនេះ ដែលសាងសង់ដោយកងពលតូច៧០ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរតភ្ជាប់ពីផ្លូវជាតិលេខ៤១ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ដែលសាងសង់ដោយកងពលតូច៧០។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ ២៨០គ្រួសារ ដែលមានជីវភាពលំបាក បានទទួលអំណោយជាទឹកសុទ្ធ និងឃីតរបស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតរួមមានអាហារបំប៉ន មី និង ស្ករសផងដែរ។ ការទទួលបានអំណោយគឺប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នៅទីតាំងចំនួន៤កន្លែង ក្នុងឃុំចំនួន៣ គឺឃុំស្រង់ ឃុំក្រាំងអម្ពិល និងឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានបញ្ជូនប្រជាពលរដ្ឋដែលមានជំងឺធ្ងន់ធ្ងរ ២នាក់ មកព្យាបាលបន្តនៅភ្នំពេញផងដែរ។
ក្រោមការការសម្របសម្រួលព្យាបាលពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្នុងការចុះចែកអំណោយដល់ប្រជាពលរដ្ឋនេះក៏មានការចូលរួមពី មេបញ្ជាការកងពលតូចលេខ៧០ លោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង និងក្រុមការងារផងដែរ៕