នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន៦០០០នាក់ មកពីឃុំចំនួន៣ មានឃុំភូមិថ្មី ឃុំគំរូ ឃុំថ្មពួក នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងដំណើររួមគ្នាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
លោកឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន លោក ស ខេង លោក សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដ៏ទៃផ្សេងទៀត ដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជារបស់យើង។
នាយឧត្តមសេនីយ៍ បានថ្លែងរំលឹកពីអនុស្សាវរីយ៍ពីអតីតកាល ដែលតំបន់នេះជាសមរភូមិសង្រ្គាមច្បាំងគ្នារវាងខ្មែរ និងខ្មែរគ្នាឯង។ ប៉ុន្តែក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្រ្គាមលើទឹកដីខ្មែរទាំងមូល ត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៨ សន្តិភាព សន្តិសុខនេះបានបន្តមកដល់សព្វថ្ងៃ ធ្វើឲ្យប្រទេសកម្ពុជា មានឱកាសធ្វើការអភិវឌ្ឍប្រទេស ដែលខ្ទេចខ្ទាំមួយនេះឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ថ្លែងក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យអង្គពិធីយើងទាំងមូលក្រោកឈរស្មឹងស្មាធចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជន ដែលបានពលីជីវិតក្នុងបេសកម្មអង្គការសហប្រជាជាតិ នៅអាហ្រ្វិកកណ្ដាលនាពេលថ្មីៗនេះ។ ឆ្លៀតក្នុងពេលនោះ ឧបនាយករដ្ឋមន្ត្រី បានក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ ចាប់ពីអាយុ១៨ឡើងទៅត្រូវទៅបោះឆ្នោត អាណត្តិទី៤ ជ្រើសរើស ឃុំ-សង្កាត់ឲ្យបានគ្រប់គ្នា ហើយបោះឲ្យត្រូវចំគណបក្យណាដែលតែងតែរួមសុខទុក្ខ និងជួយបងប្អូនពេលជួបការលំបាកដើម្បីបន្តការអភិវឌ្ឍជាមួយគ្នាតទៅទៀត។
ជាចុងបញ្ចប់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តល់នូវអំណោយឧបត្ថម្ភជូនសមាជិក~សមាជិកា ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ គណបក្សទាំង៣ឃុំ ក្នុងមួយឃុំៗទទួលបានថវិកា១លានរៀល ប្រគេនបច្ច័យវត្តពោធិរាមថ្មពួកចំនួន១លានរៀល យុវជនស្រុកថ្មពួក១លានរៀល និងមន្ទីរពេទ្យបង្អែកស្រុកថ្មពួកថវិកា៥០ម៉ឺរៀលផងដែរ៕