ខេត្តព្រះសីហនុ៖ លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុរួមដំណើរដោយមន្ត្រីថ្នាក់ ដឹកនាំខេត្តថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ ភូមិ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសម្ពោធបើកការដ្ឋានសាងសង់ផ្លូវលំមួយ កន្លែងស្ថិតក្នុងភូមិពីធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ដែលមានប្រវែង ៣០០០ម៉ែត្រ ទទឹង ១៤ម៉ែត្រ មានដាក់លូបង្ហូរទឹកចំនួន២កន្លែង និងមានលូកាត់ផ្លូវ ចំនួន៤កន្លែង គ្រោងនឹងចំណាយថវិកាអស់ប្រមាណ៦.៣០០០ ដុល្លាអាមេរិក ។
នាឳកាសនោះលោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងទៅកាន់បងប្អូន ប្រជាពលរដ្ឋក្នុងគ្រានោះថាមួយរយៈកាលចុងក្រោយនេះរដ្ឋបាលខេត្តបានសហការ ជាមួយភាគីជាប់ពន្ធ័រួម គ្នាដោះស្រាយទំនាស់ដីធ្លី ដែលបានកើតមាននៅខេត្តព្រះសីហនុបានជាច្រើនករណីហើយ។
លោកបន្តថាបើតាមការប៉ាន់ប្រមាណទំនាស់ដែលបានដោះស្រាយរួចមានប្រហែលជា៧០%ហើយ ដើម្បីជាការឆ្លើយតបតាមសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានCI5។ លោក យន្ដ មីន បានបញ្ជាក់បន្ថែមទៀតថា ខេត្តនៅតែតាំងចិត្តយ៉ាងមុតមាំថា នឹងបន្តដោះស្រាយបន្តទៀត ដើម្បីឈានទៅកាត់បន្ថយ និងបញ្ចប់ទាំងស្រុងនៅពេលអនាគត។
ក្នុងឱកាសនោះដែរលោក ស៊ុន សុផាត តំណាងប្រជាពលរដ្ឋនៅសហគមន៍CI5 ជាប់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនេះ បានសម្តែងអារម្មណ៍ត្រេកអរ និងគាំទ្រការដឹកនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋ៕