លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំមន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់រយនាក់នៅក្នុងស្រុក​កោះធំ​ ធ្វើពិធីគោរព​វិញ្ញាណក្ខន្ធ​ ជូនខ្មែរ​ ដែលបាន​បាត់បង់​ជីវិតនៅក្នុងរបប​ ប៉ុល ពត​

ថ្ងៃសុក្រ ទី ១៩ ឧសភា ២០១៧​
139

នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ   សិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់រយនាក់នៅក្នុងស្រុកកោះធំ ធ្វើពិធីគោរពវិញ្ញាណក្ខន្ធ និងសូត្រមន្តបង្សុកូលជូនដល់វិញ្ញាណក្ខន្ធពលរដ្ឋខ្មែរ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកទេសរដ្ឋមន្រ្តី បានឲ្យដឹងថា ពិធីគោរពវិញ្ញាណក្ខន្ធនេះ គឺជាការរំលឹកនូវភាពឈឺចាប់ក្នុងរបបដ៏សែនឃោរឃៅ ដែលបានធ្វើឡើងនៅស្តូបតម្កល់អដ្ឋិធាតុពោធិ៍ទន្លេ ឃុំកោះធំ «ក» ស្រុកកោះធំ ខេត្តកោះធំ។ មុននឹងការចាប់ផ្តើមប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យ តាមបែបព្រះពុទ្ធសាសនា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រួមនិងអ្នកចូលរួមទាំងអស់ បានក្រោកឈរស្មឹងស្មាធិ៍ ជាមួយទឹកមុខដ៏ក្រៀមក្រំ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុងរបបអាវខ្មៅ ប៉ុល ពត។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា ប្រវត្តិសាស្រ្តកម្ពុជា និងបេះដូងកូនខ្មែរគ្រប់រូប បានហែលឆ្លងក្នុង​របបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ និងបានកត់ត្រាទុក និងចារជាប់យ៉ាងច្បាស់លាស់មិនអាចស្រពិចស្រពិល និងបំភ្លេចបានឡើយនូវមហាសោកនាដកម្ម មហាវិនាសកម្ម ធ្វើឲ្យជីវិតប្រជារាស្រ្តរាប់លាននាក់ត្រូវបាត់បង់ជីវិត និងរាប់លាននាក់ទៀត ត្រូវព្រាត់ប្រាស បែកបាក់ ឈឺផ្សារ ក្លាយជាស្រ្តីមេម៉ាយ ក្មេងកំព្រា ជាជនពិការជាដើម។ ក្រុមគ្រួសារ និងសាច់ញាតិរបស់លោកជាច្រើន ក៏ត្រូវបានស្លាប់នៅក្នុងរបបនេះផងដែរ។ ពេលរំលឹកពីរឿងរ៉ាវដ៏ឈឺចាប់នេះ ប្រជាពលរដ្ឋខ្មែរក្នុងស្រុកកោះធំ ដែលធ្លាប់ឆ្លងកាត់របបដ៏សែនវេទនានេះទប់អារម្មណ៍មិនបាន ទឹកភ្នែកក៏រមៀលធ្លាក់ទាំងមិនដឹងខ្លួន។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញពីប្រឹងប្រែងតស៊ូយ៉ាងលំបាក ដើម្បីរំដោះជាតិចេញពីរបប ប៉ុល ពត ពីសំណាក់ពលរដ្ឋខ្មែរអ្នកស្នេហាជាតិ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ផ្តើមចេញពីការតស៊ូដ៏អង់អាចក្លាហានដែលដឹកនាំ​ដោយប្រមុខដឹកនាំ​គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យរបបនេះដួលរលំទៅនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយក៏ផ្តល់ឱកាសឲ្យ​រស់រានមានជីវិតជាថ្មី និងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិយើងចេញគំនរផេះជាបន្តបន្ទាប់ រហូតបានរីកចម្រើនដូចពេលបច្ចុប្បន្ន។

លោក ស៊ុន ចាន់ថុល ក៏បានអំពាវនាវសូមឲ្យស្មារតី ២០ ឧសភា ដែលជាថ្ងៃកាន់មរណទុក្ខជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ស្ថិតនៅជាបុព្វហេតុពិតប្រាកដក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ៗរូប ដើម្បីបណ្តុះទឹកចិត្តតស៊ូ ប្រមូលផ្តុំថាមពល ពុះពាររាល់ឧបសគ្គ មិនឲ្យរបបប្រល័យពូជសាសន៍កើតមានជាថ្មីនៅកម្ពុជាទៀតឡើយ តស៊ូឆ្ពោះទៅរកការឯកភាពជាតិទូលំទូលាយ ដើម្បីការពារ និងកសាងមាតុភូមិកម្ពុជា អភិវឌ្ឍន៍លើគ្រប់វិស័យជានិច្ចនិរន្ត៕

ចែករំលែក

បញ្ចេញយោបល់