លោក ញឹម វណ្ណដា បានចាត់តំណាង នាំយកនូវគ្រឿងឧបភោគបរិភោគទៅជូនគណៈកម្មាធិការ គ្រប់គ្រងគ្រោះ មហន្តរាយខេត្តស្វាយរៀង

ថ្ងៃព្រហស្បតិ៍ ទី ១៨ ឧសភា ២០១៧​
153

លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់តាំង លោក ឡាំ ហេងហួត អគ្គលេខាធិការ ជាតំណាង ដឹកនាំក្រុមការងារ ដើម្បីនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន មកជូនគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្វាយរៀង សម្រាប់បម្រុងឆ្លើយតបសង្គ្រោះបន្ទាន់នៅពេលមានគ្រោះមហន្តរាយកើតឡើងដោយយថាហេតុណាមួយ។

លោក ឡាំ ហេងហួត និងក្រុមការងារ បានជួបជាមួយលោកស្រី ពៅ សុភាព អភិបាលរងខេត្តស្វាយរៀង ជាតំណាងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយក្នុងនោះ លោកស្រី បានថ្លែងអំណរគុណ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធាន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាជន ពិសេសប្រជាជននៅតាមមូលដ្ឋាន។

សូមបញ្ជាក់ផងដែរថា គ្រឿងឧបភោគបរិភោគមួយចំនួនខាងលើ អាចផ្តល់ជូនប្រជាជនចំនួន ៣០០គ្រួសារ៕

ចែករំលែក

បញ្ចេញយោបល់