នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល លោក ខឹម សោភ័ណ្ឌ អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកស្អាង និងលោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយតំណាងប្រជាលរដ្ឋចំនួន៧ ភូមិ គឺភូមិកោះគរ ភូមិកោះរំដួល ភូមិព្រែកសំរោង ភូមិព្រែកឡុង ភូមិព្រែកថី ភូមិព្រែកខ្សេវ និងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ចំនួន ១៦៤១៣ នាក់។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក មេឃុំរកាខ្ពស់ និងមតិសំណេះសំណាលរបស់ លោក ខឹម សោភ័ណ្ឌ លោក ម៉ៅ ភិរុណ មានមតិសំណេះសំណាល ទៅកាន់បងប្អូនប្រជាពលរដ្ឋ អំពី ប្រវត្តិ គោលបំណង និងសារ:សំខាន់នៃការបោះឆ្នោតឃុំនៅកម្ពុជា ដែលពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដែលជាការបង្ខិតសេវាសាធារណ: និងសេវារដ្ឋបាលមកកាន់តែជិតប្រជាពលរដ្ឋ។
នាឱកាសនោះ លោក ម៉ៅ ភិរុណ ក៏បានជម្រាបទៅបងប្អូនប្រជាពលរដ្ឋ ថា “ការបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា គឺជាការផ្តល់ យុត្តិធម៌”។ បកស្រាយ ទៅ ការលើកឡើងនេះ លោក បានបញ្ជាក់ថា ក្នុងបេសកកម្មរយៈពេលជាង៣៨ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា គឺបានសម្រេចនូវសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន ដែលមិនទាន់មានគណបក្សណាមួយ នៅកម្ពុជាមានសមិទ្ធផល ដូចគណបក្សប្រជាជនកម្ពុជានៅឡើយ។ ក្នុងនោះ រួមមាន ការរំដោះប្រទេសជាតិ និង ប្រជាជនចេញពី របបប្រល័យពូជ សាសន៍ ប៉ុលពត។ បន្ទាប់មកទៀត គណបក្សប្រជាជនបានប្រើដៃ ម្ខាងខិតខំ ស្តារប្រទេសពីលេខសូន្យ និង ដៃម្ខាងទៀតទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប៉ុល ពត។
សមិទ្ធផលសំខាន់មួយទៀតគឺការ ខិតខំកសាងសន្តិភាពដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រកម្ពុជា ជិត៥០០ឆ្នាំ ដែលធ្វើឱ្យកម្ពុជាទាំងមូល មានសន្តិភាព ។ ព្រមជាមួយនេះដែរ ការអភិវឌ្ឍន៍រីកចម្រើន ព្រមទាំងសមិទ្ធផល ស្ពានវែងៗឆ្លងទន្លេ សមុទ្រ ផ្លូវជាតិធំៗ ស្អាតៗ យ៉ាងច្រើនសន្ធឹកសន្ធាប់ បង្កើតបាននូវរបបកម្មសិទ្ធិ បង្កើតនូវការងារជូនប្រជាពលរដ្ឋរាប់លាននាក់ គឺ មិនមានអ្នកណាអាចប្រកែកបានឡើយ។
អភិបាលខេត្តកណ្តាល ក៏បានផ្តល់ឱកាសជូនប្រជាពលរដ្ឋចូលរួមបានលើកឡើងអំពីសំណូមពរ និងកង្វល់នានាដែលបងប្អូនបានជួបប្រទះ។ ក្នុងនោះអ្នកចូលរួមចំនួន ២៤នាក់ បានលើកឡើងពាក់ព័ន្ធនឹងបញ្ហា ផ្លូវ លូ ច្រាំងទន្លេ ទប់ស្កាត់ល្បែងស៊ីសង ទប់ស្កាត់ គ្រឿងញៀន ការ បំពុលបរិស្ថាន អគ្គិសនី កង្វល់អំពីការបាក់ច្រាំងទន្លេ ការបំពុលបរិស្ថាន ។ល។ ចំពោះ សំណូមពរពាក់ព័ន្ធ នឹងផ្លូវ លោកបាន ប្រកាសផ្តល់ផ្លូវបេតុងប្រវែង ៦៥៨ ម៉ែត្រ ដល់ភូមិកោះរំដួល ចំណែកផ្លូវ មួយចំនួនទៀតក្នុងឃុំនេះ លោកប្រគល់ភារកិច្ច ជូនមន្រ្តីជំនាញ ចុះសិក្សា លើកយោបល់ដើម្បីថ្នាក់ដឹកនាំខេត្ត មានមូលដ្ឋាន ដោះស្រាយជាបន្តបន្ទាប់ទៅតាមលំដាប់អទិភាព។
ចំណែកសំណូមពរ និងកង្វល់ផ្សេងទៀត លោកគណ: អធិបតី បានប្រគល់ភារកិច្ចជូន មន្ទីរពាក់ព័ន្ធ ស្រុកស្អាង និងឃុំរកាខ្ពស់ ចាត់ចែងមន្រ្តីពាក់ព័ន្ធ ចុះសិក្សាពិនិត្យ និងដោះស្រាយជូន។
អភិបាលខេត្តកណ្តាល ក៏បានយកឱកាសនោះផ្តាំផ្ញើ និងអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ
ត្រូវចៀសអោយឆ្ងាយពីល្បែងស៊ីសងគ្រប់ភេទ ហើយត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ អជ្ញាធរមានសមត្ថកិច្ចត្រូវខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងអភិវឌ្ឍមូលដ្ឋាន និងជាពិសេសបង្កើនកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
លោកក៏បានអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ហើយសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមការពារនូវ សន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងទទួលបានការអភិវឌ្ឍ និងទទួលបានសមិទ្ធផលថ្មីៗបន្តទៀត។ លោកក៏បានឧបត្ថម្ភដល់អ្នកចូលរួមចំនួន ១៦១៣ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ ម៉ឺនរៀលផងដែរ៕