អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងឱកាស ចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ ស្ថិតក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៧ មានប្រវែង៤៨៨ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌដង្កោ បាននាំយកនូវផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ដែលបានអភិវឌ្ឍប្រទេសជាតិ និងបានថែរក្សាសុខសន្តិភាពនៅទូទាំងប្រទេស ហើយនៅថ្ងៃនេះសមិទ្ធផល ផ្លូវបេតុងថ្មីមួយខ្សែនេះ នឹងបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ និងរក្សាបាននូវផាសុខភាពសម្រាប់ការរស់នៅផងដែរ។
បន្ថែមពីនេះ លោក នុត ពុធដារ៉ា ក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវជួយតាមដានត្រួតពិនិត្យការអនុវត្តគម្រោង របស់ក្រុមហ៊ុនទទួលការសាងសង់ និងរាយការណ៍អំពីបញ្ហាប្រឈមនានា ជូនដល់អជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការទាន់ពេលវេលា។ ជាមួយគ្នានោះ ក៏សូមមានការយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួច ដែលអាចបណ្តាលមកពីការស្ថាបនាផ្លូវនេះ ដើម្បីឱ្យដំណើរការស្ថាបនាឆាប់បានរួចរាល់ និងប្រើប្រាស់បានយូរអង្វែង។
លោកអភិបាល ក៏បានឧបត្ថម្ភថវិកា១០ម៉ឺនរៀល ដើម្បីឱ្យប្រជាពលរដ្ឋភូមិដំណាក់សង្កែ ដាក់ធុងបាស់រាំលេងកម្សាន្ត ដើម្បីអបអរសាទរផ្លូវបេតុងថ្មីផងដែរ៕