នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសស្តីពី “ការបង្កើតក្រុមការងារអនុវត្តគម្រោងអភិវឌ្ឍជំនាញ (Skills Development Programme)” ដើម្បីពិភាក្សាលើដំណើរការអនុវត្តគម្រោងអភិវឌ្ឍជំនាញ ក្រោមកិច្ចសហការអនុវត្តដោយ លេខាធិការដ្ឋាន គ.ជ.អ.ទ. នៃក្រសួងទេសចរណ៍ អង្គការ SWISSCONTACT មន្ទីរទេសចរណ៍ខេត្ត និងភាគីពាក់ព័ន្ធ សំដៅអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ដល់យុវជនងាយរងគ្រោះ និងបោះបង់ការសិក្សានៅតាមបណ្តាខេត្តចំនួន០៣ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងក្រចេះ ក្នុងរយៈពេល ១២ឆ្នាំ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបន្តថា កិច្ចប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាលើផែនការសកម្មភាព ដំណាក់កាលទី១ រយៈពេល៤ឆ្នាំ (២០១៧-២០២០) របស់គម្រោង ដើម្បីធ្វើការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពឱ្យស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្ស នៃក្រសួងទេសចរណ៍ ដោយបានដាក់ទិសដៅបណ្តុះបណ្តាលដូចជា ការបណ្តុះបណ្តាលចល័ត (Mobile Training) ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច (Hospitality Training) កម្មវិធីហ្វឹកហាត់ការងារ (Apprenticeship Program) និងការវាយតម្លៃការសិក្សាពីមុន (Recognition of Prior Learning) សំដៅបង្កើតឱកាសការងារដល់យុវជន យុវនារីងាយរងគ្រោះ និងបោះបង់ការសិក្សា ប្រមាណ ២,១០០ នាក់ និងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលប្រមាណ ៥៨៣ នាក់ ក្នុងខេត្តគោលដៅទាំងបីខាងលើ និងខេត្តគោលដៅទេសចរណ៍សំខាន់ៗ៕