កាលពីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅសង្កាត់ធម្មយុត្តិ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានរៀបចំ ពិធីសំណេះសំណាលសួរសុខទុក្ខសមាជិក សមាជិកាបក្សប្រជាជន ក្រោមអធិបតីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីលោក នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីមន្ទីរផែនការខេត្ត មន្ត្រីពន្ធនាគារ មន្ត្រីសាលាខេត្ត និងតំណាងគ្រួសារបក្សសរុបចំនួន២០០នាក់។
ក្នុងឱកាសនោះ លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា ការទៅចូលរួមបោះឆ្នោតគឺជារឿងប្រទេសជាតិ។ លោកបានបន្តថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងប្រជាពលរដ្ឋទាំងអស់ត្រូវតែគិតគូពីប្រទេសជាតិ ពីព្រោះប្រទេសកម្ពុជាមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់បុគ្គលណាម្នាក់ឡើយ។
ជាមួយគ្នានោះដែរ លោកអភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ សូមបន្តគាំទ្របោះឆ្នោតជូនCPP ព្រោះCPP មានគុណសម្បត្តិបីយ៉ាង ទី១. គណបក្សប្រជាជនកម្ពុជា ជាអ្នកដែលវាយប៉ុល ពត ទី២. គណបក្សប្រជាជន បានផ្ដល់ជីវិតទី២អោយយើង គឺ៧ មករា ១៩៧៩ និងបានបង្រួបបង្រួមជាតិដោយប្រើនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោសែន។ លោកបានបញ្ជាក់បន្ថែមថា យើងទាំងអស់គ្នា កុំស្រមើស្រមៃជាមួយគណបក្សប្រឆាំង ដែលជានិច្ចកាលគណបក្សនេះ តែងសន្យាអោយនេះ អោយនោះ អោយលុយចាស់ៗ៤០០០០៛ តែទីបំផុត ការសន្យារបស់បក្សប្រឆាំង គឺសន្យាខ្យល់ បោកប្រាស់ សូម្បីសកម្មជនរបស់ខ្លួនក៏បោកដែរ។ ចំណុចសំខាន់មួយទៀត ដែលបានសំណូមពរនោះគឺយើងទាំងអស់គ្នា គួរកុំខឹងគោវាយរទេះ ត្រូវមានការជឿជាក់លើការដឹកនាំគណបក្សប្រជាជន ដែលមានសម្ដេចតេជោសែនជាប្រមុខ។
នៅទីបញ្ចប់ លោកអភិបាល បានរំលឹកបន្ថែមពីកាលបរិច្ឆេទស្ដីពីការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕