ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក ចាប់ផ្តើមធ្វើសន្និសីទសារព័ត៌មាន ស្តីពីការបង្ហាញ និងធ្វើការសាកសល្បង គុណភាពទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
សន្និសីទសារព័ត៌មាននឹងធ្វើឡើង នៅវរលាម៉ោង៩៖១៥នាទីព្រឹក ថ្ងៃទី១៧ ខែឧសភានេះ ស្ថិតនៅសាលប្រជុំក្រសួងមហាផ្ទៃ អាគារ S។ សូមបញ្ជាក់ថា ការធ្វើសន្និសីទកាសែតរបស់ប្រធាន គ.ជ.ប នៅពេលនេះបានកើតមានឡើងបន្ទាប់ពីមានអង្គការសង្គមស៊ីវិលមួយចំនួន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង លើបញ្ហាទឹកខ្មៅលុបជ្រះ ក្រោយមានការពិសោធន៍របស់ គ.ជ.ប កាលពីពេលថ្មីៗនេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ធ្លាប់បានថា ទឹកខ្មៅយកមកពីប្រទេសឥណ្ឌា ដែលពិសោធន៍ឃើញលុបជ្រះ បានដោះស្រាយរួចរាល់អស់ហើយ គ្មានបញ្ហាចោទនោះទេ។ លោក ហង្ស ពុទ្ធា បន្តថា ទោះបីជាយ៉ាងណាក៏ដោយ ទឹកខ្មៅលុបជ្រះ គ្មានឥទ្ធិពលដល់ការបោះឆ្នោតទេ គ.ជ.ប នៅតែមានយន្តការជាច្រើនទៀត ដែលអាចធានាការ បោះឆ្នោតដោយសេរី និងយុត្តិធម៌បាន។
លោក ហង្ស ពុទ្ធា បានថា «ទឹកខ្មៅយកមកពីប្រទេសឥណ្ឌា ដែល គ.ជ.ប ពិសោធន៍ឃើញថា លុបជ្រះ បានយកទៅឱ្យក្រុមហ៊ុន ធ្វើទឹកថ្នាំនោះ ពិសោធន៍ជាថ្មី ចំនួនហ្នឹងគឺតិចតួចទេ ដែលពិសោធន៍ឃើញថា លុបជ្រះ ក្រោយពីបញ្ចូនទៅឱ្យក្រុមហ៊ុនវិញ យើងបានពិសោធន៍ទឹកខ្មៅដែលឥណ្ឌា បញ្ចូនមកកម្ពុជា អាចចំនួនច្រើនហ្នឹងមកវិញ គឺបានពិសោធន៍ឃើញថា មិនអាចលុបជ្រះបានទេ»។
គួរបញ្ជាក់ថា ទឹកខ្មៅសម្រាប់ជ្រលក់ដៃពលរដ្ឋ នៅពេលបោះឆ្នោតនោះ គ.ជ.ប បានបញ្ជាទិញពីប្រទេសឥណ្ឌា និងបានបញ្ចូនមកដល់ប្រទេសកម្ពុជា រួចរាល់ហើយ ចំនួន ៤៦៥០០ដប ក្នុងទំហំទឹកប្រាក់ ៧៩៣២៤០ដុល្លារអាមេរិក។ គំរូទឹកថ្នាំពណ៌ខ្មៅ ដែល គ.ជ.ប គ្រោងនឹងប្រើប្រាស់សម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់ ខាងមុខនេះ។ គ.ជ.ប មានគម្រោងនឹងបញ្ជាទិញទឹកខ្មៅនេះ ពីបណ្តាប្រទេសមួយចំនួនរួមមាន ប្រទេសឥណ្ឌា ប្រទេសដាណឺម៉ាក និងប្រទេសចិនជាដើម ៕