ប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស ចាត់ទុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមិត្តចាស់របស់ថ្នាក់ដឹកនាំនិងប្រជាជនចិន

ថ្ងៃពុធ ទី ១៧ ឧសភា ២០១៧​
218

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក យូ ជឹងស៊ឹង ប្រធាន សភាប្រឹក្សានយោបាយប្រជាជនចិនរួចហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារបន្តជាមួយ លោក ចាង តេជាំង ប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស នៅសាលប្រជុំនៃមហាវិមានប្រជាជនចិន។

លោក ចាង តេជាំង រីករាយខ្លាំងណាស់ដែលបានជួប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សារជាថ្មីម្តងទៀត និងបានចាត់ទុកថា លោក ជាមិត្តចាស់របស់ថ្នាក់ដឹកនាំ និងប្រជាជនចិន។ លោក បានបន្តថា ប្រទេសដែលនៅជិតខាងចិន គឺចិនតែងតែអនុវត្តនូវគោលនយោបាយរបស់ លោក ស៊ី ជិនពីង ប្រកបដោយភាពស្មោះត្រង់ និងគោរពគ្នា រួមជាមួយកិច្ចសហការជួយគ្នាទៅវិញទៅមក។ ប្រទេសចិន ចាត់ទុកកម្ពុជាដូចបងប្អូនបង្កើតនឹងគ្នា។ ចំពោះទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញាត្តិនៃប្រទេសទាំងពីរកម្ពុជា-ចិន គឺកន្លងមកយើងមានការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចពីគ្នាទៅវិញទៅមក ហើយដែលត្រូវតែបន្តជំរុញធ្វើឱ្យបានញឹកញាប់ថែមទៀត ដើម្បីពង្រឹងស្ថាប័នទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍អំពីដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសចិននៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ចំពេលចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ តាមការអញ្ជើញរបស់លោកប្រធានាធិបតីចិន ក៏ដូចជាបានផ្តល់នូវការគាំទ្រដល់នយោបាយរបស់ចិន។ រីឯដំណើរទស្សនកិច្ចរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មកកាន់ទីក្រុងប៉េកាំងនៅពេលនេះ គឺដើម្បីពង្រឹងនិង ពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យឈានឡើង ដល់ចំណុចកំពូលថ្មីមួយទៀត។

នៅក្នុងជំនួបពិភាក្សានាពេលនោះ មេដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំប្រារព្ធខួបលើក ៦០ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-ចិន ដែលនឹងធ្វើនៅឆ្នាំ២០១៨ ខាងមុខនេះ ដែលនឹងរៀបចំប្រកបដោយភាពអធឹកអធមបំផុត៕

ចែករំលែក

បញ្ចេញយោបល់