ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ប្រតិភូយុវជនកម្ពុជាចំនួន៣០នាក់ ដែលនឹងត្រូវទៅចូល រួម កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន លើកទី៤៣ ត្រូវបានអនុញ្ញាតឱ្យចូលជួបសំណេះ សំណាល និងសិក្សាស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភាពី លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា មុននឹងប្រតិភូយុវជនទៅចូលរួមកម្មវិធីនាវា យុវជនអាស៊ីអាគ្នេយ៍-ជប៉ុន លើកទី៤៣ ក្នុងពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍ លើកឡើង អំពីតួនាទី ភារកិច្ចរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា និងតួនាទីភារកិច្ច របស់រដ្ឋសភាជម្រាប ដល់ក្រុម យុវជន ដើម្បីជាទុនចំណេះដឹងទូទៅមួយយកទៅចែករម្លែក នៅក្នុងកម្មវិធីនាវា យុវជនអាស៊ី អាគ្នេយ៍ និងជប៉ុននោះ។ លោកបានលើកឡើងថា អគ្គលេខាធិការដ្ឋានរដ្ឋសភាជាសេនា ធិការផ្ទាល់របស់រដ្ឋសភា ដែលធានារ៉ាប់រងនូវកិច្ចការរដ្ឋបាលគ្រប់បែបយ៉ាងក្នុងការផ្ដល់ សេវា ជូនដល់ថ្នាក់ដឹកនាំសមាជិកសមាជិការដ្ឋសភា បំពេញការងារជាប្រចំាថ្ងៃជូនប្រទេសជាតិ និង ប្រជាពលរដ្ឋ។ ចំណែកតួនាទីសំខាន់បីរបស់ រដ្ឋសភាគឺសមាជិករដ្ឋសភា ដែលជាតំណាង រាស្រ្ត មានភារកិច្ចតាក់តែង និងអនុម័តច្បាប់ ឃ្លំាមើលការអនុវត្តច្បាប់ និង ភាពជាតំណាង របស់ ប្រជាពលរដ្ឋ។
លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រតិភូយុវជនកម្ពុជា ដែលនឹង ត្រូវចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន នៅពេលនេះថាជាឱកាសល្អមួយដើម្បី បង្ហាញពីសមត្ថភាពរបស់យុវជនកម្ពុជាឲ្យអន្តរជាតិបានដឹងពិសេស គឺយុវជនទំាងអស់ បាន មានឱកាសពាំនាំនូវវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងព័ត៌មានពិតពីកម្ពុជា ជូនដល់យុវជន មកពីប្រទេសផ្សេងៗបានដឹង។ ក្រៅពីទស្សនកិច្ចសិក្សាតាមនាវានេះ ជាឱកាសវិសេស វិសាលសម្រាប់ប្រតិភូយុវជនកម្ពុជា សិក្សារៀនសូត្រ ពីចំនុចល្អៗ របស់យុវជន គេពីប្រទេស របស់គេផ្សេងៗ ដែលនាវាប្រតិភូបានទៅដល់ ដើម្បីជាបទពិសោធន៍យកមកចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
សូមជម្រាបថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ត្រូវបានបង្កើតឡើងដោយ រដ្ឋាភិបាល ជប៉ុន ក្នុងគោលដៅផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ទៅវិញទៅមក ដើម្បី ពង្រឹង និងពង្រីក ចំណងមិត្តភាពរវាងអាស៊ាននិងជប៉ុន។ ដំណើរទស្សនកិច្ចសិក្សានេះជាមធ្យម មានរយៈ ពេល ៥៣ថ្ងៃ។
ក្រុមយុវជននៃប្រទេសអាស៊ានទំាង១០ និងយុវជនប្រទេសជប៉ុន ពួកគេ នឹងហាត់ រៀនផ្លាស់ ប្តូរបទពិសោធន៍លើប្រធានបទជាច្រើននៅលើនាវាដែល នឹងធ្វើដំណើរចូលសំចត នៅតាម ប្រទេសមួយចំនួនដូចជា ជប៉ុន វៀតណាម ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងប្រ៊ុយណេ។
លោក ឡេង ប៉េងឡុង បានផ្ដល់ថវិកាឧបត្ថម្ភ ចំនួន៤០ម៉ឺនរៀលដល់យុវជនម្នាក់ៗ សម្រាប់ជាមធ្យោបាយប្រើប្រាស់ក្នុងពេលធ្វើដំណើរក្នុងកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុននេះផងដែរ៕