លោក ឈួរ ច័ន្ទឌឿន អរគុណដល់កម្លាំងសកម្មជនគណៈចលនាសាសនិកឥស្លាម​ ដែលសម្រេចចិត្ត​ ដ៏ត្រឹមត្រូវ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​គណបក្ស​ប្រជាជនកម្ពុជា​

ថ្ងៃអង្គារ ទី ១៦ ឧសភា ២០១៧​
148

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ សកម្មជន CPP ជាបងប្អូនខ្មែរឥស្លាមមកពី៥៣​ភូមិ នៃឃុំចំនួន២៦​ និង​៧ស្រុកទូទាំងខេត្តកំពង់ឆ្នាំង ដែលជាថ្នាក់ដឹកនាំ គណៈអ៊ីម៉ាំ (​មេគុណ) គណៈចលនាសាសនិកឥស្លាមរបស់CPP ខេត្ត ក្រុង ស្រុក និងភូមិនានា លោកគ្រូ អ្នកគ្រូខ្មែរឥស្លាមក្របខណ្ឌ និងជាប់កិច្ចសន្យា​ទូទាំងខេត្ត ​ចូលរួមក្នុងពិធីសំណេះសំណាល និង​ប្រកាសទទួលស្គាល់ សម្រួលភារកិច្ច ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណណៈចលនាសាសនិក ឥស្លាមរបស់ CPP ។

​ពិធីនេះត្រូវបានធ្វើឡើងក្រោមសហអធិបតីភាព លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និង​ជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជាជាមួយ​លោក ឈួរ ចន្ទឌឿន សមាជិកគណៈកម្មាធិកាកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង។

លោក ឈួរ ច័ន្ទឌឿន ​​បាន​អរគុណដល់កម្លាំងសកម្មជន និង​សមាសភាពគណៈចលនាសាសនិកឥស្លាម CPP ដែលបានគៀងគរឲ្យមហាជនរបស់ខ្លួន ភាគច្រើន បានសម្រេចចិត្ត ដ៏ត្រឹមត្រូវក្នុងការបោះឆ្នោតជ្រើសរើសគណបក្សប្រជាជនកម្ពុជា នៅតែជាមេដឹកនាំដឹកនាំប្រទេស នេះគឺជាការសម្រេចទៅលើជោគវាសនា ដ៏រុងរឿង​របស់បងប្អូន ហើយបានបំពេញនូវគុនូបការៈដ៏ថ្លៃថ្លា ជូនចំពោះមេដឹកនាំ CPP ដែលបានសាងគុណបំណាច់ជាច្រើន ជូនប្រជាជាតិទាំងមូល រួមទាំងសហគមន៍ខ្មែរឥស្លាមផងដែរ។

លោក អូស្មាន ហាស្សាន់ ​បានក្រើនរំលឹកថា សូមកុំញញើត ឬចាញ់បោកនូវការសន្យាអះអាង បែបបោកប្រាស់របស់បណ្តាបក្សប្រឆាំង ថានឹងផ្តល់នូវអ្វីគ្រប់បែបយ៉ាង ខណៈដែលកន្លងមក រហូតបច្ចុប្បន្ន​មិនទាន់អ្នក​ណាបានសាងនូវស្នាដៃបន្តិចណាជូនសហគមន៍ឡើយ ផ្ទុយទៅវិញមានតែការបង្ក​ផ្គរភ្លៀង និង​ញុះញង់បង្កចលាចល ដល់សហគមន៍ ការបំបែកបំបាក់សាមគ្គីរវាងបងប្អូនក្នុងគ្រួសារ និងសហគមន៍តែប៉ុណ្ណោះ។

លោកបានបន្តទៀតថា សុខសន្តិភាព និង​ភាពចម្រុងចម្រើនមកដល់សព្វថ្ងៃនេះ គឺបានមកដោយការតស៊ូយ៉ាងលំបាក ការលះបង់ឈាមស្រស់ ព្រាត់ប្រាស បងប្អូនគ្រួសារ នៃមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែមួយគត់។

លោកប្រធានគណៈចលនា ក៏បានផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ និងសកម្មជនគ្រប់រូប បន្តសហការការងារពង្រឹងឲ្យបានកាន់តែខ្លាំងក្លាឡើង ជាពិសេសកម្លាំងគណៈចលនា ត្រូវធ្វើកិច្ចសហការឲ្យស្អិតរមួត និងល្អប្រសើរជាមួយគណបក្សខេត្ត ស្រុក និង​គ្រប់មូលដ្ឋាន ក្នុងទិសដៅតែមួយ សំដៅដណ្តើមជ័យជំនះជូន CPP  ដើម្បីម្លប់សន្តិភាពតែមួយជាមួយគ្នា៕

ចែករំលែក

បញ្ចេញយោបល់