បើបងប្អូនបោះឆ្នោតឱ្យអ្នកបានតែនិយាយ និង អ្នកប្រូ នោះគេនឹងមកនិយាយមកប្រូទៀត តែបើបងប្អូនបោះឆ្នោតឱ្យអ្នកធ្វើ នោះអ្នកធ្វើនឹងបន្តមកធ្វើជូនជាបន្តបន្ទាប់ទៀត។
នេះជាការលើកឡើងរបស់លោក ម៉ៅ ភិរុណ អភិបាលខេត្ត កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ក្នុងពិធីជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋចំនួន១៩០៨ នាក់ មកពី ១០ភូមិ ក្នុងឃុំខ្ពប ស្រុកស្អាង ដែលពេលព្រឹកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ៤ភូមិ គឺភូមិត្នោតញី ភូមិដំរីឆ្លង ភូមិព្រៃទទឹង និងភូមិបឹងខ្ពប ចំនួន ៧១២ នាក់ និងពេលរសៀលចំនួន ៦ ភូមិ គឺភូមិឬស្សីស្រុក ភូមិកោះថ្មី ភូមិខ្ពបលើ ខ្ពបក្រោម ភូមិរកាលើ ភូមិរកាក្រោម មានចំនួន ១១៩៦ នាក់។
ក្រោយពីបានជម្រាបជូនប្រជាពលរដ្ឋអំពីការអភិវឌ្ឍរីកចម្រើន ព្រមទាំងសមិទ្ធផល ដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានកើតឡើង ជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា លោកក៏បានប្រគល់វេទិកា ជូនប្រជាពលរដ្ឋលើកឡើងនូវសំណូមពរ និងកង្វល់នានាដែលកើតមាននៅមូលដ្ឋាន ព្រមទាំងបានឆ្លើយតបដូចជា៖
១-រៀបចំនឹងសាងសង់ ផ្លូវបេតុងមួយខ្សែក្នុងឃុំខ្ពប មានប្រវែង ៦ គ.ម ជូនក្នុងរយ:ពេលបីឆ្នាំ គឺ ២០១៨ ប្រវែង ២ គ.ម ឆ្នាំ ២០១៩ ប្រវែង ២គ.ម និងឆ្នាំ ២០២០ ប្រវែង ២គ.ម។ រីឯចំពោះផ្លូវមួយចំនួនទៀតក្នុងឃុំ លោកនឹងចាត់មន្ត្រីជំនាញខេត្តចុះសិក្សា លើកគម្រោងសាងសង់ជាបន្តបន្ទាប់។ ២-ជូនថវិកាចំនួន ២០ លានរៀលសម្រាប់ជួយសាងសង់សាលាបុណ្យ នៅភូមិត្នោតញី។ ៣-សាងសង់របងសាលា បឋមសិក្សាព្រៃទទឹងចំនួន ៦០ ប្រឡោះ តាមសំណើរបស់លោកនាយកសាលា។
៤-សាងសង់ផ្ទះមួយខ្នងជូន ស្ត្រីម៉េម៉ាយម្នាក់ ដែលមានជីវភាពក្រីក្រ លំបាក និងមានកូនច្រើនក្នុងបន្ទុក។
៥-ក្នុងឱកាសនោះផងដែរ លោកក៏បានផ្តាំផ្ញើ និងអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចៀសអោយឆ្ងាយពីល្បែងសុីសង និងគ្រឿងញៀន គ្រប់ភេទ
និងសូមចូលរួមគោរពច្បាប់ ចរាចរ បើកបរមានការយោគយល់អធ្យាស្រ័យគ្នាហើយអាជ្ញាធរដែនដី និងអាជ្ញាធរមានសមត្ថកិច្ចត្រូវខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានឆាប់ និងមានគុណភាព ។ លោកក៏បានអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញនៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ហើយសូមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការពារសន្តិភាពនៅក្នុងប្រទេសយើង និងភូមិ ឃុំ យើង ទទួលបាននូវការអភិវឌ្ឍជាបន្តបន្ទាប់ទៀត ដោយលោកបានសង្កត់ធ្ងន់ថា “បើបងប្អូនបោះឆ្នោតឱ្យអ្នកបានតែនិយាយ និង អ្នកប្រូ នោះគេនឹងមកនិយាយ មកប្រូទៀត តែបើបងប្អូនបោះឆ្នោតឱ្យអ្នកធ្វើ នោះអ្នកធ្វើនឹងបន្តមកធ្វើជូនជាបន្តបន្ទាប់ទៀត”៕