ក្រុមអ្នកវិនិយោគចិន បានវិនិយោគទុនប្រមាណ២៥០លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះដ៍ទំនើបមួយនៅជិតផ្សារបឹងត្របែកផ្លាហ្សា រាជធានីភ្នំពេញ។
មជ្ឈមណ្ឌលសាយណូផ្លាហ្សា(Sino Plaza)នេះជាមជ្ឈមណ្ឌលចម្រុះ រួមមានសណ្ឋាគារ រោងភាពយន្ត អគារការិយាល័យ អគារពាណិជ្ជកម្មនិងសេវាកម្ម ហាងទំនិញ ភោជនីយដ្ឋាន ផ្សារ និង អគារស្នាក់នៅ។
លោក ចាង ចៀនហ័រ អគ្គនាយកក្រុមហ៊ុន Natural Lucky Real Estate បានថ្លែងនៅក្នុងពិធីបើកការសាងសង់កាលពីល្ងាចថ្ងៃអង្គារនៅសណ្ឋាគារសូហ្វីតែលថាមជ្ឈមណ្ឌលសាយណូផ្លាហ្សា មានផ្ទៃដីទំហំ ១៣ ៥៣៦ម៉ែត្រការ៉េនិងផ្ទៃក្រឡាអគារ២៤ម៉ឺនម៉ែត្រការ៉េ។ គម្រោងវិនិយោគប្រមាណ២៥០លានដុល្លារអាមេរិក។
លោក ចាវ ចុងហួយ នាយកប្រតិបត្តិក្រុមហ៊ុន CYST បានឱ្យដឹងថាមជ្ឈមណ្ឌល Sino Plaza មានអគារ៤ធំៗ ក្នុងនោះអគារ៤៣ជាន់មួយ អគារ៣៦ជាន់មួយ និងអគារ៤២ជាន់ចំនួន២។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្មនិងជនបទ បានមានប្រសាសន៍ថាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះសាយណូផ្លាហ្សានេះ គឺជាការចូលរួមចំណែករបស់វិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងជាសក្ខីភាពបង្ហាញពីការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រជាជនចិន-កម្ពុជា។ ចិនជាដៃគូវិនិយោគ និងកិច្ចសហការដែលមិនអាចខ្វះបាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា«កំណើនសេដ្ឋកិច្ច មិនអាចកាត់ផ្តាច់ពីវិស័យឯកជន ជាពិសេសវិស័យវិនិយោគទុន»។ លោកបាបញ្ជាក់ទៀតថា ដោយសារតែប្រទេសយើងមានសុខសន្តិភាព កំណើនសេដ្ឋកិច្ចខ្ពស់ធ្វើឲ្យអ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេសមកបណ្តាក់ទុនរកស៊ី ក្នុងនោះមានវិស័យអចលនទ្រព្យ និងសំណង់កាន់ តែច្រើន។
លោក ខេវិន ហ្គោស (Kevin Goos) ប្រធានគ្រប់គ្រងក្រុមហ៊ុន Century 21 Cambodia បានបានលើកឡើងថា នៅពេលអនាគតវិស័យខុនដូនឹងមានតម្រូវការខ្ពស់ដោយសារវាជម្រើសរបស់មនុស្សដែលមានទំនោរងាកទៅរកបែបជីវិតរស់នៅថ្មី។
នៅឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបាននឹងកំពុងប្រកាសលក់គម្រោងរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅតាមកំណើនតម្រូវការពីអតិថិជនខណៈពេលដែលមានការរំពឹងទុកថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែរក្សាបានអត្រាប្រចាំឆ្នាំក្នុងរង្វង់៧ភាគរយ ដែលជាកំណើនដ៏ខ្ពស់មួយបើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់។
លោក ចេង ខេង អគ្គនាយកក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CPL បានឲ្យដឹងថា លោកកត់សម្គាល់ថា គម្រោង លំនៅឋាន ខុនដូ និងអាផាតមិនជាច្រើន បានដំណើរការសាងសង់ និងប្រកាសលក់ពីគ្រោងរបស់ខ្លួនដោយសារតែមានតម្រូវការច្រើនពីអតិថិជន ពិសេសគូស្វាមី ភរិយាទើបរៀបការថ្មោងថ្មី និងជនបរទេស។
សូមរំលឹកថា ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថាក្នុងឆ្នាំ២០១៤ និងឆមាសទី១ ឆ្នាំ២០១៥ កន្លងទៅនេះ រាជធានីភ្នំពេញ មានគម្រោងសាងសង់ចំនួន ៦៩៤ គម្រោង លើផ្ទៃដីសរុប ៤.២៤៤.២៩២ម៉ែត្រក្រឡា ។ គិតមកដល់ពេលបច្ចុប្បន្ននេះ សំណង់បុរីក្នុងរាជធានីភ្នំពេញ មានចំនួន១១០កន្លែងនិងសំណង់អគារខ្ពស់នៅរាជធានីភ្នំពេញមានចំនួនសរុប៦២៨អគារដែលមានទំហំទុនវិនិយោគប្រមាណ១.៤៤១.០១៧.១២៦,០០ដុ ល្លារអាមរិក ៕
អត្ថបទ៖ ប៊ុនធី