នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ប្រទេសចិនកំពុងដើរតួនាទីដ៏សំខាន់ ក្នុងដំណើរការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយពិភពលោក។ លោក បានថ្លែងដូចនេះ នៅក្នុងកិច្ចប្រជុំកំពូលតុមូល នៅសាលសន្និសីទជាតិ យ៉ាងឈីហ៊ូ ទីក្រុងប៉េកាំង ប្រទេសចិន ដែលមានប្រមុខដឹកនាំប្រទេស និងមន្រ្តីកំពូលសំខាន់ៗជាច្រើនរូបដែលបានអញ្ជើញមកចូលរួមនៅក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទិសដៅសំខាន់នៃកិច្ចប្រជុំកំពូលតុមូលថ្ងៃនេះគឺដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិកម្រិតពិភពលោកដែលបើកចំហនិងផ្តល់ឱកាសឱ្យប្រទេសទាំងអស់បានចូលរួម និងទទួលបាននូវផលប្រយោជន៍ពីវេទិកានេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា គម្រោងផ្លូវ និងក្រវ៉ាត់ (Belt and Road Initiative) គឺត្រូវបានផ្តួចផ្តើមដោយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង កាលពីឆ្នាំ ២០១៣ ដើម្បីពង្រឹងនិងជំរុញនូវកិច្ចទំនាក់ទំនង និងពាណិជ្ជកម្មរវាងអាស៊ីជាមួយប្រទេសទាំងអស់នៅក្នុងពិភពលោក។ ថ្ងៃនេះមានប្រមុខដឹកនាំ២៩ប្រទេស និងមន្រ្តីកំពូលៗ ដែលរួមមាន លោកប្រធានាធិបតីរុស្សី Vladimir Putin និងប្រធានាធិបតីតួគី លោក Recep Tayyip Erdogan ព្រមទាំងគណៈប្រតិភូមកពីប្រទេសនានា ពាណិជ្ជករ មន្រ្តីផ្នែកហិរញ្ញវត្ថុ និងអ្នកកាសែតជាង ១៣០ ប្រទេស មន្រ្តីសំខាន់ៗរបស់អង្គការក្រៅរដ្ឋាភិបាល រួមទាំងអគ្គលេខាធិកាអង្គការសហប្រជាជាតិ លោក Antonio Guterres, ប្រធានធនាគារពិភពលោក លោក Jim Yong-kim, និងអគ្គនាយកនៃអង្គការរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Christine Lagarde។ កិច្ចប្រជុំតុមូលថ្ងៃនេះគឺមាន២ វគ្គ៖ ប្រជុំតុមូលវគ្គទី១ គឺនៅពេលព្រឹក និង ប្រជុំវគ្គទី២ គឺនៅពេលរសៀលថ្ងៃដដែល។
នៅក្នុងកិច្ចប្រជុំតុមូលវគ្គដំបូងនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះ ដែលជាចំណាប់អារម្មណ៍របស់កម្ពុជាលើ «សហថាមពលនៃគោលនយោបាយ ដើម្បីភាពជាដែគូរជិតស្និទ្ធ»។ លោក បានបង្ហាញក្តីរីករាយ ដែលបានចូលរួមក្នុងវេទិកានេះ និងបានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រជាជនចិនទាំងមូលដែលសម្រេចបានវឌ្ឍនភាពគួរកត់សម្គាល់ក្នុងការអនុវត្ត «គំនិតផ្តួចផ្តើមខ្សែ ក្រវ៉ាត់ និង ផ្លូវ» ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហតំបន់ និងអន្តរជាតិធំៗ ជាពិសេសដើម្បីកំណត់ទិសដៅសម្រាប់អនុវត្តគំនិតផ្តួចផ្តើមនេះឱ្យទទួលបានជោគជ័យបន្តទៀត។
តាមរយៈ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ» គឺកំពុងបង្ហាញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលកំពុងត្រូវបានពង្រីកយ៉ាងលឿនថែមទៀតលើវិស័យសំខាន់ៗមួយចំនួនជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសទាំងពីររួមមាន ការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម ព្រមទាំងការលើកស្ទួយឧស្សាហកម្មទេសចរណ៍ ការវិនិយោគ និងកសិកម្ម។ ប្រទេសចិនកំពុងដើរតួនាទីដ៏សំខាន់ ក្នុងដំណើរការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង នយោបាយពិភពលោក ជាពិសេសក្នុងការជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្មអន្តរជាតិ សមាហរណកម្មសេដ្ឋកិច្ច និង ការអភិវឌ្ឍប្រកបដោយបរិយាប័ន្នលើកស្ទួយសកលភាវូបនីយកម្ម និងការកសាងនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោកថ្មី។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានជំនឿមុតមាំចំពោះអនាគតនៃគំនិតផ្ទួចផ្តើមនេះដែលមាន ការគិតគូរច្បាស់លាស់អំពីយុទ្ធសាស្ត្រ និងយន្តការសហប្រតិបត្តិការ ការៀបចំផែនការ និងការផ្គត់ផ្គង់ហិរញ្ញប្បទាន ពិសេសតាមរយៈធនាគាអភិវឌ្ឍន៍ BRICS មូលនិធិផ្លូវសូត្រ និងធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ រដ្ឋាភិបាលកម្ពុជា និងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីដល់កម្រិតកំពូលមួយ គឺជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចាប់ពីឆ្នាំ២០១០មក ។
«គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និង ផ្លូវ» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ កំពុងសហប្របត្តិការរវាងប្រទេសទាំងពីរកំពុងត្រូវបានពង្រឹងថែមទៀតលើវិស័យ សំខាន់ៗមួយចំនួនជាប្រយោជន៍ដល់ការកែលម្អរការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីររួមមានការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម ព្រមទាំងការលើកស្ទួយឧស្សាហកម្ម ទេសចរណ៍ ការវិនិយោគ និងកសិកម្ម ។ លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមយ៉ាងសកម្មក្នុងយន្តការសហប្រតិបត្តិការទាំងឡាយ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីវឌ្ឍនភាពនិងការរីកចម្រើនរួមនៃតំបន់ និងសកលលោក៕