លោក ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋនៅតែជឿទុកចិត្តបោះឆ្នោតគាំទ្រសម្តេតេជោ ហ៊ុន សែន ដើម្បីដឹកនាំប្រទេស កសាងសមិទ្ធិផល និងបម្រើប្រជាពលរដ្ឋ

ថ្ងៃចន្ទ ទី ១៥ ឧសភា ២០១៧​
177

នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សា ១ខ្នងមាន ៥បន្ទប់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅសាលាបឋមសិក្សាអារក្សត្នោត ស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គ្មាននរណាកសាងសមិទ្ធិផលជូនប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋ មានភាពសុខសាន្ត មានជីវភាពមានបាន កូនចៅប្រជាពលរដ្ឋមានឱកាសរៀនសូត្រ មានឱកាសធ្វើការងារ ក្រៅពីរាជរដ្ឋាភិល ក្រៅពីក្រុមការងារគណបក្សប្រជាជនកម្ពុជា និងអជ្ញាធរគ្រប់លំដាប់ថ្នាក់នោះទេ។

លោក ហ៊ុន ម៉ាណែត បន្តថា ប្រជាពលរដ្ឋជាម្ចាស់ប្រទេសនៅតែជឿទុកចិត្ត បោះឆ្នោតគាំទ្រ សម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំប្រទេស កសាងសមិទ្ធិផល និងបម្រើប្រជាពលរដ្ឋ សម្តេចនៅតែខិតខំធ្វើបន្តទៀត ដើម្បីប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋ។ ជាក់ស្តែងថ្ងៃទីនេះ យើងបានកសាង សមិទ្ធិផលជាច្រើនបន្ថែមទៀត សម្រាប់កូនចៅប្រជាពលរដ្ឋនៅក្នុងស្រុកស្ទឹងត្រង់នេះ។

ប្រទេសកម្ពុជាយើងមានសំណាងជាងប្រទេសជិតខាង យើងមានសុខដុមរមនីយកម្ម មានការរួបរួមគ្នាកសាងសមិទ្ធិផល និងរស់នៅសុខសប្បាយខណៈពេលប្រទេសខ្លះជួបប្រទះនូវសង្គ្រាមសាសនា។ នេះគឺជាការបង្កឱកាសគ្រប់បែបយ៉ាងឱ្យប្រជាពលរដ្ឋរស់នៅក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ។ លោកឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានខិតខំធ្វើរាប់ឆ្នាំមកហើយ និងខិតខំធ្វើបន្តទៀត ឱ្យតែមានការគាំទ្រ និងជឿទុកចិត្តការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ដែលនេះគឺជាការផ្តល់យុត្តិធម៌ និងតម្លៃដល់អ្នកធ្វើពិតប្រាកដ ខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានជ្រើសរើស បន្តគាំទ្រ និងជឿទុកចិត្តការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបម្រើប្រជាពលរដ្ឋ ផ្តល់ឱកាស សុខសន្តិភាព ដល់ប្រជាពលរដ្ឋរស់នៅ ក្នុងភាពសុខសាន្ត៕

ចែករំលែក

បញ្ចេញយោបល់