ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត នាំយកអាវភ្លៀងអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាជូនកងទ័ពនៅយោធភូមិភាគពិសេស

ថ្ងៃចន្ទ ទី ១៥ ឧសភា ២០១៧​
228

​ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត នៅព្រឹកថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៧នេះ បាននាំយកអាវភ្លៀងជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ចែកជូនកងទ័ពយោធភូមិភាគពិសេស នៅតំបន់ប្រតិបត្តិការ​សឹងរង ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនេះមានការចូលរួមពីលោក គីម ប៊ុនថាន លោក ឈួរ ច័ន្ទឌឿននិងលោក សោម សុវណ្ណ ព្រមទាំថ្នាក់ដឹកនាំយោធភូមិភាគពិសេសជាច្រេីនរូបផងដែរ។

​ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេី និង ការយកចិត្តទុកដាក់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ចំពោះសុខទុក្ខរបស់កងទ័ពទាំងអស់ ដែលកំពុងការពារស្ថេរភាព និង សន្តិសុខជូនប្រទេសជាតិ និង ប្រជាពលរដ្ឋបានល្អប្រសេីរ។

ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត បានមានប្រសាសន៍បន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​គឺជាមេដឹកនាំ ដែលបានផ្តើមជីវិតចេញពីកងទ័ពតស៊ូក្នុងព្រៃតាំងពីអាយុ ១៨ឆ្នាំម្ល៉េះ ដូច្នេះលោកបានយល់យ៉ាងច្បាស់ ពីជីវិតរបស់កងទ័ព និងទុក្ខលំបាកដែលពួកគេបានជួបប្រទះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ បានថ្លែងជំរុញថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទត្រូវ យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព ក្នុងរដូវភ្លៀងនេះ ។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ បានជំរុញឱ្យនាំយកអាវភ្លៀងជាអំណោយ របស់លោក ទៅចែកជូនកងទ័ពឱ្យបានគ្រប់ៗគ្នា។

លោក​ ហ៊ុន សែន ​មុខនៃរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ក្នុងជីវិតជាកងទ័ពលោកបានស្គាល់គ្រប់រស់ជាតិ ទាំងការចងអង្រឹង ដេកហាលភ្លៀង និង ការឈរដេកផ្អែកដើមឈើក៏មាន។
​ឧត្តមសេនីយ៍ទោ សោម សុវណ្ណ មេបញ្ជាការរងយោធភូមិភាគពិសេស ជំនួស មុខឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកទាំងទ្វេរទាំងពីរ និងប្តេជ្ញាអនុវត្តន៍តាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ថ្លែងក្នុងខួបលើកទី១០ ទិវាអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី១០ ខែឧសភា ដោយឥតងាករេ ដើម្បីការពាររាជរដ្ឋាភិបាលដែលមានលោក​ ហ៊ុន សែន ​ ជាប្រមុខ ទោះជាត្រូវធ្វើពលីកម្មក៏មិនរាថយដែរ ៕

ចែករំលែក

បញ្ចេញយោបល់