នៅរាត្រីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាម្ចាស់ផ្ទះ វេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនិងលោកស្រី បានប្រារព្ធរៀបចំពិធីលាងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្រ្វីក និងប្រតិភូនៃប្រទេសជាដៃគូរដទៃទៀត ដែលបានអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ថ្លែងក្នុងសុន្ទរកថាទៅកាន់បណ្តាមេដឹកនាំទាំងអស់ដែលមានវត្តមានអញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ស៊ី ជិនពីង មានប្រសាសន៍ក្នុងនាមថ្នាក់ដឹកនាំនិងប្រជាជនចិនទាំងអស់ ក៏ដូចក្នុងនាមភរិយា សូមសម្តែងនូវការធ្វើគារវកិច្ចស្វាគមន៍ដោយស្មោះអស់ពីដួងចិត្ត ចំពោះបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូនៃបណ្តាប្រទេសក្នុងទ្វីប អាស៊ី អឺរ៉ុប និងអាហ្រ្វិក ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏វិសេសវិសាលនេះ។
លោកប្រធានាធិបតី ក៏បានបញ្ជាក់ថា វត្តមានបណ្តាមេដឹកនាំទាំងអស់ ក្នុងវេទិកាដ៏មានសារៈសំខាន់នេះ គឺបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីបណ្តាមេដឹកនាំទាំងអស់ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិធំៗ ពិសេសដើម្បីកំណត់ទិសដៅសម្រាប់អនុវត្តនូវគំនិតផ្តួចផ្តើម ស្តីពីការបង្កើតខ្សែក្រវ៉ាត់ និងផ្លូវ ឱ្យកាន់តែទទួលបាននូវភាពជោគជ័យខ្ពស់ថែមទៀត។
នៅក្នុងសុន្ទរកថាគន្លឹះរបស់លោកប្រធានាធិបតីក្នុងពិធីលាងសាយភោជន៍ ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការតភ្ជាប់សម្រាប់បណ្តាប្រទេសទាំងអស់ក្នុងតំបន់ និង ក្រៅតំបន់ ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។ ជាមួយនឹងការថ្លែងនោះដែរ លោកប្រធានាធិបតី ក៏បានប្រសិទ្ធិពរជ័យបវរមហាប្រសើរ ជូនចំពោះបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រទេសក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រីកទាំង អស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ដើម្បីបន្តនូវការសន្ទនានិងការផ្លាស់ប្តូរមតិនិងទស្សនៈល្អៗ ពីគ្នាទៅវិញទៅមក ដើម្បីជានិម្មិតរូបនៃភាពរីកចម្រើន ការរស់នៅប្រកបដោយសុខសន្តិភាព ការជួយគ្នាទៅវិញទៅមក និងជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខដុមរមនា៕