លោកអភិបាលរងខេត្តសៀមរាប ទទួលអំណោយ​គ្រោះមហន្ត​រាយពីលោក ឡាំ អេងហួត តំណាងដ៏ខ្ពង់ខ្ពស់លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ​ប្រធានគណៈ​កម្មាធិការ​ប្រតិបត្តិនៃគណៈ​កម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ

ថ្ងៃអាទិត្យ ទី ១៤ ឧសភា ២០១៧​
164

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ លោក លី សំរឹទ្ធ អភិបាលរង ខេត្តសៀមរាប តំណាង លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងជាអភិបាលនៃគណៈ អភិបាលខេត្តសៀមរាប បានទទួលអំណោយគ្រោះមហន្តរាយពីលោក ឡាំ អេងហួត អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកជាអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។សម្ភារៈដែលត្រូវទទួលមាន អង្ករ២៥គ.ក ៣០០ការ៉ុង និងមី ៣០០កេះ ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីចាត់ចែងជួយដល់គ្រួសារដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

មានប្រសាសន៍ក្នុងឱកាសនោះផងដែរ លោក លី សំរឹទ្ធ អភិបាលរងខេត្តសៀមរាប ក៏បានមានប្រសាសន៍ក្នុងនាមតំណាងប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តសៀមរាប សម្តែងនូវអំណរគុណ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានយកចិត្តទុក្ខដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋកំពុងជួបការលំបាក និងជនងាយរងគ្រោះ មានជីវភាពខ្វះខាតក្រីក្រ ។

លោក លី សំរឹទ្ធ ក៏បានគូសបញ្ជាក់ថា ដោយតម្រូវការ ក្នុងការជួយសង្រ្គោះបងប្អូនរងគ្រោះ រដ្ឋបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់សប្បុរសជន ដែលមានសណ្តានចិត្តសប្បុរសធម៌ ក្នុងការបរិចាកនូវធនធាន ជាស្បៀង អាហារ សម្ភារៈចូលរួមជាមួយរដ្ឋបាលខេត្ត ដើមី្បមានលទ្ធភាព ជួយដល់គ្រួសារ ជនរងគ្រោះនៅតាមបណ្តាមូលដ្ឋានទូទាំងខេត្តសៀមរាប ។

លោកអភិបាលរងខេត្តក៏បានបន្តថា ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយធម្មជាតិ ទីណាបងប្អូនមានទុក្ខលំបាក ទីនោះមានលោកទំាងទ្វេរនៅជាមួយបងប្អូនជានិច្ច៕

បញ្ចេញយោបល់