ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាគណបក្ស នៅឃុំស្ទឹងកាច់

ថ្ងៃសៅរ៍ ទី ១៣ ឧសភា ២០១៧​
150

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ លោក កើត សុធា ប្រធានគណបក្ស ប្រជាជនកម្ពុជា ខេត្តប៉ៃលិន រួមជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំស្ទឹងកាច់ បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ៤០០នាក់ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្សព្វផ្សាយបន្ថែមពីគោលនយោបាយរបស់គណបក្ស និងត្រៀមធ្វើ យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ ។

លោក កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិនបានមានប្រសាសន៍ថា ជាង ៣០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិយើងឱ្យបានរីកចំរើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្ស។ ជាក់ស្តែងនៅខេត្តប៉ៃលិន ពីមួយអាណត្តិទៅមួយអាណត្តិ គឺបានខិតខំអភិវឌ្ឍន៍តាមមូលដ្ឋាន ឃុំ/សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះ ឥឡូវមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង និងសមិទ្ធផលនានាជាច្រើនទៀត ដែលបំរើឱ្យ ផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក កើត សុធា ក៏បានមានប្រសាសន៍ ជំរុញដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្ស និងផ្តល់ទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីពង្រីកសមាជិកបក្ស និងការគាំទ្រឱ្យកាន់តែច្រើនឡើង ជាពិសេស សមាជិកសមាជិកាទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ សម្រាប់ចូលរួមការបោះឆ្នោតដែល គ.ជ.ប បានកំណត់ ឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ដើម្បីផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ និងកសាងអភិវឌ្ឍន៍មូលដ្ឋាន របស់បងប្អូនឱ្យកាន់តែរីកចំរើនឡើងបន្ថែមទៀត។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ របស់លោក តង់ ធារ៉ា ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃុំស្ទឹងកាច់ បានឱ្យដឹងថា ក្នុងឃុំស្ទឹងកាច់ មានសមាជិកសមាជិការ គ្រប់អាយុបោះឆ្នោតចំនួន ៦១១៣នាក់ ហើយបានចងក្រងជាក្រុមបក្សដើម្បីត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតនិងបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ៕

 

បញ្ចេញយោបល់