សកម្ម​ជនគណបក្ស​សង្រ្គោះជាតិ ៤២រូប​ទៀតក្នុង​ស្រុកបា​កាន បន្ត​ដើរចេញ​ពីបក្ស​ទៅ​រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

ថ្ងៃសៅរ៍ ទី ១៣ ឧសភា ២០១៧​
135

សកម្មជនសំខាន់ៗរបស់ គណបក្សសង្គ្រោះជាតិ ៤២រូបទៀតនៅក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ បានបន្តដើរចេញពីគណបក្ស ទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេអស់ជំនឿលើការជ្រើសរើសក្បាលម៉ាស៊ីន មិនមានគោលនយោបាយច្បាស់លាស់ និងហ៊ុមព័ទ្ធដោយរឿងអាស្រូវផ្លូវភេទ។

សកម្មជនរបស់គណបក្សប្រឆាំងទាំ ៤២រូបនេះ បានចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ។ ពិធីប្រកាសចូលរួមការងារជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវធ្វើឡើងនៅសាលប្រជុំស្នាក់ការគណបក្សស្រុក ស្ថិតក្នុងភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមវត្តមានលោក ខូយ សុខា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត លោក ម៉ក់ រ៉ា ប្រធានគណៈអចិន្ត្រៃយ៍គណបក្សខេត្ត លោក ហេង ចាន់ធួន អនុប្រធានគណៈពង្រឹងគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
លោក ហេង ចាន់ធួន បានឱ្យដឹងថា ការប្រកាសចូលរួមការងារជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ មិនមែនជាលើកទីមួយទេ ហើយតទៅមុខទៀត នឹងមានបន្ថែមទៀត បើមិនមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនបក្សទេនោះ។
លោកបានបន្តថា «មូលហេតុនៃការស្ម័គ្រចិត្ត សុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺដោយសារតែពួកគាត់ មើលឃើញយ៉ាងច្បាស់ អំពីសកម្មភាព នៃការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គមរីកចម្រើនដូចសព្វថ្ងៃ ព្រមទាំងសកម្មភាពចុះជួប និងជួយប្រជាពលរដ្ឋទូទៅគ្រប់រូបភាព របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងថ្នាក់ឃុំសង្កាត់»។
លោកបានបន្តថា «គោលនយោបាយបក្សប្រឆាំង គឺមិនច្បាស់លាស់ទេCNRP បានចោទCPP និងបាននិយាយថា ត្រូវរើសមេឃុំបម្រើរាស្រ្ត កុំរើសមេឃុំបម្រើបក្ស តែពាក្យនេះគួរតែដាក់ឲ្យបក្សខ្លួនឯងទើបត្រូវ ហើយបក្សប្រឆាំងមានដែលបម្រើរាស្រ្តស្អីខ្លះ? ធ្វើអ្វីបានខ្លះ?»៕

បញ្ចេញយោបល់