នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ បាន បន្តនាំយកអាវភ្លៀងអំណោយរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចែកជូនកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិទិសទី១ តំបន់ប្រាសាទព្រះវិហារ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងបង្ហាញពីការយកចិត្តទុកដាក់របស់លោកនយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខទុក្ខរបស់កងទ័ពទាំងអស់ ដែលកំពុងនឹងឈរជើងការពារ បូរណភាពទឹកដី និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ប្រាប់កងទ័ពថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គឺជាមេដឹកនាំដែលបាន ផ្តើមជីវិតចេញពីកងទ័ពតស៊ូក្នុងព្រៃតាំងពីអាយុ ១៨ឆ្នាំម្ល៉េះ ដូច្នេះលោកបានយល់យ៉ាងច្បាស់ ពីជីវិតរបស់កងទ័ព និងទុក្ខលំបាកដែលពួកគេបានជួបប្រទះ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ បានថ្លែងជំរុញថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព។ ក្នុងរដូវភ្លៀងនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជំរុញឱ្យនាំយកអាវភ្លៀងជាអំណោយ របស់លោកទៅចែកជូន កងទ័ពឱ្យបានគ្រប់ៗគ្នា។
គួររំលឹកថា លោក នាយករដ្ឋមន្រ្ដីប្រមុខនៃរាជរដ្ឋាភិបាលធ្លាប់ បានគូសបញ្ជាក់ថា ក្នុងជីវិតជាកងទ័ពលោកបានស្គាល់គ្រប់រសជាតិ ទាំងការចងអង្រឹង ដេកហាលភ្លៀង និងការឈរដេកផ្អែកដើមឈើក៏មាន។
កងទ័ពបានទទួលអាវភ្លៀងនាព្រឹកមិញនេះ បានសម្តែងក្តីរំភើបរីករាយ និងគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្រ្ដី និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលតែយកចិត្តទុកដាក់លើសុខទុក្ខរបស់ពួកគាត់ជារៀងរាល់ឆ្នាំ។
ពួកគាត់បញ្ជាក់ថា « ខែភ្លៀងចែកអាវភ្លៀង ខែរងារ ចែកអាវរងារ មិនដែលខាន បងប្អូនសូមប្តេជ្ញាចិត្តគោរពដាច់ខាត តាមបទបញ្ជា និងអនុសាសន៍របស់លោក ការពាររាជរដ្ឋាភិបាល និងប្រឆាំងរាល់ការប៉ុនប៉ងណាមួយ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល ព្រមទាំងចូលរួមបោះឆ្នោត និងគោរពជូនពរលោកទាំងពីរ ព្រមទាំង ក្រុមគ្រួសារ ប្រកបទៅដោយជ័យមង្គល វិបុលសុខគ្រប់ពេលវេលា »៕