នាយឧត្តមសេនីយ៍ គន់ គីម បន្តយកអាវភ្លៀងអំណោយរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជូនកងទ័ពនៅយោធភូមិភាគទី១

ថ្ងៃសុក្រ ទី ១២ ឧសភា ២០១៧​
173

នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០១៧នេះ បន្តយកអាវភ្លៀងជាអំណោយរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅចែកជូនកងទ័ពនៅយោធភូមិភាគទី១។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងបង្ហាញពីការយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខទុក្ខរបស់កងទ័ពទាំងអស់ ដែលកំពុងនឹងឈរជើងការពារ បូរណភាពទឹកដី និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ប្រាប់កងទ័ពថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គឺជាមេដឹកនាំ ដែលបានផ្តើមជីវិតចេញពីកងទ័ពតស៊ូក្នុងព្រៃតាំងពីអាយុ ១៨ឆ្នាំម្ល៉េះ ដូច្នេះលោកបានយល់យ៉ាងច្បាស់ ពីជីវិតរបស់កងទ័ព និងទុក្ខលំបាកដែលពួកគេបានជួបប្រទះ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះ បានថ្លែងជំរុញថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព។ ក្នុងរដូវភ្លៀងនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជំរុញឱ្យនាំយកអាវភ្លៀងជាអំណោយ របស់លោកទៅចែកជូនកងទ័ពឱ្យបានគ្រប់ៗគ្នា។

លោកនាយករដ្ឋមន្រ្ដី ប្រមុខនៃរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ក្នុងជីវិតជាកងទ័ពលោកបានស្គាល់គ្រប់រសជាតិ ទាំងការចងអង្រឹង ដេកហាលភ្លៀង និង ការឈរដេកផ្អែកដើមឈើក៏មាន។

លោក ហួត ឈាង មេបញ្ជាការយោធភូមិភាគទី១ ជំនួសមុខឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកទាំងពីរ និងប្តេជ្ញាអនុវត្តន៍តាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្ដី ថ្លែងក្នុងខួបលើកទី១០ ទិវាអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី១០ ខែឧសភា ដោយឥតងាករេ ដើម្បីការពាររាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខ ទោះជាត្រូវធ្វើពលីកម្មក៏មិនរាថយដែរ ៕

ចែករំលែក

បញ្ចេញយោបល់