នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Estanislau da Silva ទេសរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីកសិកម្ម និងនេសាទ នៃប្រទេសទីម័រ ខាងកើត (Timore Leste) ។
ទេសរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ក៏បានពាំនាំនូវការសួរសុខទុក្ខពីលោក នាយករដ្ឋមន្ត្រីទីម័រខាងកើត ផ្ញើជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចក្រុមប្រតិភូនៃប្រទេសទីម័រខាងកើត ក្នុងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅកម្ពុជាពេលនេះ។
លោកទេសរដ្ឋមន្រ្តី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកនៅកម្ពុជា នាឆ្នាំ២០១៧នេះ គឺមានភាពល្អប្រសើរ និងទទួលបានជោគជ័យបំផុត។ ទន្ទឹមនឹងនោះដែរ លោក ក៏បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីវឌ្ឍនៈភាពរបស់ប្រទេសទីម័រខាងកើត ដែលកំពុងរៀបចំខ្លួនក្នុងការចូលជាសមាជិកអាស៊ាន (ASEAN) និងជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)ផងដែរ។
នាឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ លោក Estanislau da Silva រួមនឹងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន២០១៧ ដែលរៀបចំឡើងដោយកម្ពុជា និងស្វាគមន៍ចំពោះការរៀបចំខ្លួនរបស់ប្រទេសទីម័រខាងកើត ដើម្បីក្លាយជាសមាជិករបស់អាស៊ាន និងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization-WTO)៕