អាស៊ានមានតួនាទីជួយជ្រោមជ្រែងនៅក្នុងល្បែងអំណាច រវាងសហរដ្ឋអាមេរិក និង ចិន

ថ្ងៃសុក្រ ទី ១២ ឧសភា ២០១៧​
124

នៅក្នុងជំនួបអាហារថ្ងៃត្រង់មួយនៅក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ០៤ ខែ ឩសភា រដ្ឋមន្រ្តី ក្រសួងការបរទេសសហរដ្ឋ អាមេរិកលោក Rex Tillerson និងរដ្ឋមន្រ្តីក្រសួងការបរទេសរបស់ អាស៊ានបានពិភាក្សាលើបញ្ហាជាច្រើនរួមមាន បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម កូរ៉េខាងជើង ព្រមទាំងជម្លោះសមុទ្រចិនខាងត្បូង។ ជារួម លោក Tillerson បានសង្កត់ធ្ងន់អំពីសារៈសំខាន់របស់អាស៊ីអាគ្នេយ៍ជាដៃគូយុទ្ធសាស្រ្តមួយរបស់សហរដ្ឋអាមេរិក និងបានបញ្ជាក់ជាថ្មីអំពីការ ចូលរួមពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ។

សេចក្តីថ្លែងការណ៍របស់លោក Tillerson ថ្មីៗនេះគឺជាសញ្ញាបង្ហាញថារដ្ឋបាលរបស់លោក Trump មិនបំភ្លេចអាស៊ាន និងអាស៊ីអាគ្នេយ៍ឡើយ។ មុននេះ លោក Tillerson បានទទួលយកការអញ្ជើញចូលរួមក្នុងជំនួបនានាដែលដឹកនាំដោយអាស៊ាននៅក្នុងប្រទេសហ្វីលី ពីននៅក្នុងខែសីហាខាងមុខ ហើយអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បាននិយាយថា ប្រធានាធិបតី Donald Trump នឹងចូលរួមក្នុងជំនួបកំពូលអាស៊ាន-សហរដ្ឋអាមេរិក និងជំនួបកំពូលអាស៊ីបូព៌ានៅក្នុងប្រទេសហ្វីលីពីន ព្រមទាំងជំនួប APEC នៅក្នុងប្រទេសវៀតណាមនៅក្នុងខែវិច្ឆិកាខាងមុខ។

សេតវិមានបាននិយាយនៅក្នុងខែមេសា ថាប្រធានាធិបតី Donald Trump “ពេញចិត្តការ សន្ទនា” ជាមួយប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និងទន្ទឹងរងចាំចូលរួមក្នុងជំនួបអាស៊ាន-សហរដ្ឋមេរិក និងជំនួបកំពូលអាស៊ីបូព៌ានៅក្នុងប្រទេសហ្វីលីពីននៅក្នុងខែ វិច្ឆិកាខាងមុខ។

លើសពីនេះ ក៍មានការលើកឡើងនូវសំនួរដ៍ធំទូលាយមួយអំពីប្រភេទនៃសណ្តាប់ធ្នាប់តំបន់ ដែលសហរដ្ឋអាមេរិកមានទស្សនៈវិស័យចង់ឃើញមាននៅអាស៊ីបូព៌ា ហើយ ទស្សនៈវិស័យរបស់សហរដ្ឋអាមេរិកមានលក្ខណៈសមស្របយ៉ាងណាជាមួយទិសដៅរបស់ប្រទេសពាក់ព័ន្ធផ្សេងទៀតនៅក្នុងតំបន់។

អាស៊ានបាន និងកំពុងដោះស្រាយជាមួយផលប៉ះពាល់នៃការប្រកួតប្រជែងរវាងចិន និង សហរដ្ឋអាមេរិកនៅក្នុងតំបន់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ ពេលដែលចិនបានបង្កើនការចូលរួមពាក់ព័ន្ធជាមួយអាស៊ីអាគ្នេយ៍។ រហូតមកដល់ពេលនេះ អាស៊ានបានទប់ទល់ផលប៉ះ ពាល់អវិជ្ជមាននៃការប្រកួតប្រជែងអំណាចធំៗនៅក្នុងសណ្តាប់ធ្នាប់តំបន់តាមវិធីសំខាន់ៗចំនួនបី។

ទីមួយ ទោះបីជាមានការបែកបាក់នៅក្នុងចំណោមរដ្ឋជាសមាជិករបស់ខ្លួនដែលកើតចេញពីជម្លោះសមុទ្រចិនខាងត្បូងយ៉ាងណាក្តី តែអាស៊ានមានវឌ្ឍនៈភាពយ៉ាងខ្លាំងនៅក្នុង កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជា ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ ២០១៥ ដោយសម្របសម្រួលឲ្យមានការសន្ទនានៅក្នុងចំណោមរដ្ឋជាសមាជិក និងបណ្តាប្រ ទេសនៅក្រៅអាស៊ាន និងឈានដល់កាមូលមតិគ្នាជាមួយចិនលើការបញ្ចប់ពង្រាងក្របខណ្ឌការងារសំរាប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង។ គំនិតផ្តួចផ្តើម និងយន្តការទាំងនេះបានរួមចំណែករក្សាឯកភាពផ្ទៃក្នុង និងសារៈសំខាន់ របស់អាស៊ាននៅក្នុងសណ្តាប់ធ្នាប់ពហុភាគីនៅអាស៊ីបូព៌ា។

ទីពីរ ការលើកកម្ពស់របស់អាស៊ាននូវសណ្តាប់ធ្នាប់តំបន់ដែលមានលក្ខណៈបើកទូលាយ និងគ្រប់ជ្រុងជ្រោយបានផ្តល់នូវហានិភ័យមួយនៅក្នុងសន្តិសុខអាស៊ីបូព៌ាចំពោះអំណាចធំៗ និងអំណាចមធ្យម ដូចជា អូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា។ ការទទួលស្គាល់ដោយប្រទេសផ្សេងទៀតនៅក្នុងតំបន់នូវសារៈសំខាន់របស់អាស៊ាននៅក្នុងស្ថាបត្យកម្ម គឺមានសារៈសំខាន់សំរាប់អង្គការនេះ ដែលមានសមាជិកតូច និងមធ្យមចំនួន ១០ ប្រទេស។

ក្រៅពីនេះ ការមានប្រទេសផ្សេងទៀតនៅក្នុងតំបន់ចូលរួមនៅក្នុងការរក្សាស្ថិរភាពតំបន់ អាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានណាមួយដែលកើតចេញពីការប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាមេរិក។

ទីបី អាស៊ានតែងតែតស៊ូមតិឲ្យមានកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីដ៍ស្មុគស្មាញនៅ ថ្នាក់អនុតំបន់ តំបន់ និងសកលលោក និងនៅទូទាំងវិស័យសន្តិសុខនយោបាយ សេដ្ឋកិច្ច និង សង្គម វប្បធម៌។ ការងារនេះបាននាំឲ្យមានបណ្តាញប្រាស័យទាក់ទងយ៉ាងច្រើនរវាងសហរដ្ឋ អាមេរិក និងចិន ព្រមទាំងនៅក្នុងចំណោមប្រទេសផ្សេងទៀតនៅក្នុងតំបន់។

បណ្តាញទាំងនេះផ្តល់ឱកាសជាច្រើនសំរាប់ការសន្ទនា និងពង្រឹងការពឹងផ្អែកគ្នាទៅវិញ ទៅមក និងផ្តល់នូវយន្តការដ៍សំខាន់បំផុតសំរាប់ដោះស្រាយបញ្ហាដែលមានការការព្រួយបារម្ភ រួមគ្នា។ ច្បាស់ណាស់ អាស៊ានបានដើរតួនាទីជួយជ្រោមជ្រែងនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ នេះក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ឲ្យមានស្ថិរភាពនៅអាស៊ីបូព៌ា។ ដោយមានទស្សនៈវិស័យ ប្រទាញប្រទង់គ្នាលើសណ្តាប់ធ្នាប់តំបន់ ដែលកំពុងជម្រុញលើកកម្ពស់ដោយសហរដ្ឋអាមេរិក និងចិននៅពេលនេះ អាស៊ានគឺស្ថិតនៅក្នុងទីតាំងមួយដ៍សំខាន់នៅក្នុងស្ថានភាពយុទ្ធសាស្រ្តតំបន់។ នៅក្នុងរយៈពេលវែងទៅមុខ ការប្រកួតប្រជែងរបស់អំណាចធំៗដើម្បីឥទ្ធិពលនៅក្នុង តំបន់អាចនឹងបង្ខំឲ្យមានការពិនិត្យឡើងវិញលើបទដ្ឋាន និងគោលការណ៍ស្នូលរបស់អាស៊ាន។

ដូច្នេះ ការងារដ៍បន្ទាន់មួយសំរាប់អាស៊ានគឺត្រូវពង្រឹងតួនាទីដឹកនាំរបស់ខ្លួននៅក្នុងតំបន់ និងធ្វើការសម្រេចចិត្តថាតើស្ថាប័ន និង រដ្ឋជាសមាជិករបស់ខ្លួនអាចឆ្លើយតបដ៍ល្អបំផុតដោយ វិធីណាចំពោះទស្សនៈវិស័យប្រទាញប្រទង់គ្នាលើសណ្តាប់ធ្នាប់តំបន់ ដែលផ្តល់ដោយសហ រដ្ឋអាមេរិក និងចិន៕

(ប្រភព៖ Channel News Asia ថ្ងៃទី ១១ ខែ ឩសភា ឆ្នាំ ២០១៧)

ចែករំលែក

បញ្ចេញយោបល់