ក្រុមការងារអធិការកិច្ច នៃក្រសួងការពារជាតិ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ប៊ុន ថូ ប្រធានក្រុមការងារអធិការកិច្ច និងមន្ត្រីជំនាញជាច្រើនរូប នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ បានធ្វើអធិការកិច្ច និងត្រួតពិនិត្យការងារប្រចាំឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
លោក ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានជម្រាបថា នេះជាលើកទី១ហើយ ដែលក្រុមការងារអធិការកិច្ច បានចុះត្រួតពិនិត្យការងារនៅទីនេះផ្ទាល់ ហើយការធ្វើអធិការកិច្ចនេះ ក៏ជាការពង្រឹងតួនាទីភារកិច្ចរបស់អង្គភាពថែមទៀតដែរ ក្នុងនោះក្រុមការងារអធិការកិច្ច ធ្វើការងារលើជំនាញ ៤ប្រភេទ រួមមាន ៖ ការងារបុគ្គលិក ការងារវិស្វកម្ម (អចលទ្រព្យមិនទាន់ចុះបញ្ជី) ការងារបង្ក្រាបគ្រឿងញៀន និងអប់រំ ការងារបង្ក្រាបបទល្មើសផងដែរ។
លោកមេបញ្ជការបានបន្តថា គ្រប់កិច្ចការទាំងឡាយ បើមិនមានអធិការកិច្ច ឬត្រួតពិនិត្យឱ្យបានល្អិតល្អន់នោះទេ មន្ត្រីអនុវត្តច្បាប់ពិតជាមិនអាចមើលបានគ្រប់ជ្រុងជ្រោយនោះឡើយ ដូច្នេះក្រុមការងារអធិការកិច្ច ជាអ្នកជួយកែសម្រួល និងតម្រង់ទិសឱ្យសកម្មថែមទៀតដល់កម្លាំងជំនាញនានា។
លោក ប៊ុន ថូ បានកោតសរសើរចំពោះបញ្ជាការដ្ឋាន និងមន្ត្រីជំនាញ ដែលបានធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយក្រុមការងារ បានយល់យ៉ាងច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួន ដែលបានបំពេញកន្លងមក ហើយបានដឹងយ៉ាងប្រាកដចំពោះភាពខ្វះខាត ដែលមន្ត្រីជំនាញអនុវត្តមិនទាន់មានប្រសិទ្ធភាព។
លោកបានបន្តថា អ្វីដែលអង្គភាពបានបំពេញកន្លងមក ឃើញថាអង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានខិតខំប្រឹងប្រែងកសាងនៅធនធានមនុស្ស រួមទាំងបានបំប៉នមន្ត្រីជំនាញគ្រប់មន្ទីរបានយ៉ាងល្អប្រសើរ ដែលនេះជាវីរភាពរបស់យោធាច្បាប់ និងជាអ្នកអនុវត្តច្បាប់ក្នុងជួរកងយោធពលខេមរភូមិន្ទ ៕