“មានចាបមួយក្នុងដៃ ប្រសើរជាងចាប២០នៅលើអាកាស!”

ថ្ងៃសុក្រ ទី ១២ ឧសភា ២០១៧​
190

 

នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៧ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលមានចំនួន ៩៥០នាក់ នៅឃុំត្បែង ស្រុកកំពង់ស្វាយ ថា “មានចាបមួយក្នុងដៃ ប្រសើរជាងចាប២០នៅលើអាកាស!” ។

ក្នុងពិធីសំណេះសំណាលនោះដែរ លោក សុខ លូ បានលើកឡើងពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលទទួលរងសង្រ្គាមដណ្តើមទឹកដីពីប្រទេសជិតខាង ជាបន្តបន្ទាប់ និងបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលអស់ជាច្រើនឆ្នាំ ទម្រាំកម្ពុជាទទួលបាននៅសន្តិភាពដូចថ្ងៃនេះ។ បច្ចុប្បន្នប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំ បានកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តជាច្រើនដូចជា សាងសង់ផ្លូវតាមបន្ទាត់ព្រំដែន បោះបង្គោលព្រំដែន អភិវឌ្ឍតំបន់ទាំងឡាយនោះ និងប្រកាន់នូវគោលជំហរការពារទឹកដីមិនឲ្យមានការបំពាន ឬក៏បាត់បង់សូម្បីតែ១មីលីម៉ែត្រ។ ដោយឡែកអំពីការងារនៅមូលដ្ឋានឃុំសង្កាត់ បើគិតទៅ បច្ចុប្បន្ននេះថវិកាដែលធ្វើការអភិវឌ្ឍន៍មានលើសពី ៥០ម៉ឺនដុល្លាទៅទៀត ព្រោះបើនិយាយដល់ផ្លូវថ្នល់ជាតិ ផ្លូវលំ ផ្លូវបេតុង សាលារៀន និងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗស្ពានឈើ ស្ពានថ្ម ប្រឡាយទឹក អណ្តូង ស្រះ សរុបទៅលើសថវិកាដែលគេសន្យាខ្យល់នោះទៅទៀត។ គណបក្សប្រជាជន ផ្តល់ថវិកាវិភាជន៍មិនតិចជាង ២,៨% ក្នុងមួយឆ្នាំ នៃថវិកាចរន្តរបស់ជាតិ សម្រាប់ឃុំ សង្កាត់នីមួយ។

គេថា មេឃុំ ចៅសង្កាត់ ធ្វើយូរហើយមិនមានសាលាឃុំ សង្កាត់ ទេ លោកបានបញ្ជាក់ត្រង់ចំណុចនេះថា គោលនយោបាយរបស់រាជរដ្ឋាបាលគឺសម្លឹងមើលអំពីផលប្រយោជន៍របស់ប្រជាជនជាធំ ធ្វើអ្វីៗក៏ដើម្បីប្រជាជនរស់នៅបានសុខ បើយកលុយទៅធ្វើសាលាឃុំ សង្កាត់អស់ តើមានលុយឯណាទៅអភិវឌ្ឍន៍ឃុំ សង្កាត់? តែពេលនេះរាជរដ្ឋាភិបាលបាននឹងកំពុងរៀបចំគិតគូរផ្តល់តាមលទ្ធភាព ដោយមិនប៉ះពាល់ដល់ថវិកាឃុំ សង្កាត់ទេ ដើម្បីសាងសង់សាលាឃុំ សង្កាត់ជាបន្តបន្ទាប់។ ចំពោះមន្ត្រីរាជការវិញ ពិតហើយថាមិនល្អទាំងអស់នោះទេ នៅមានតិចតួចដែលមិនទាន់បានបម្រើប្រជាជន តាមសំណូមពរជាក់ស្តែងហើយ តែយើងបានគិតគូរនិងមានវិធានការហើយ មិនឲ្យត្រីមួយកន្ត្រក ស្អុយមួយ ស្អុយទាំងអស់នោះទេ ដោយធ្វើការណែនាំឲ្យពួកគាត់ ងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែល និងព្យាបាលឡើងវិញ។ សូមបងប្អូនប្រជាជន ធ្វើយ៉ាងណា កុំឲ្យខឹងគោ វាយរទេះ អ្នកធ្វើ មិនដូចអ្នកថានោះទេ។ ចរឹតបក្សប្រឆាំង មានការលាបព័ណ៌ អុចអាល ញុះញុង តែផ្ទុយទៅវិញមានតែរាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនទេ ដែលជាអ្នកខិតខំ និងយកចិត្តទុករកទីផ្សារសម្រាប់កសិករ ដើម្បីនាំអង្ករកម្ពុជាទៅលក់នៅបរទេស។

ចុងបញ្ចប់លោកមានប្រសាសន៍ថា កុំជឿលើពាក្យបោកបញ្ឆោតរបស់គេឲ្យសោះ ដើម្បីរក្សាការពារប្រទេសយើងឲ្យផុតពីអន្តរាយ។ សមាជិកគណបក្សប្រជាជនមួយនាក់ ត្រូវក្លាយជាសន្លឹកឆ្នោតបានការរបស់គណបក្សប្រជាជនមួយសន្លឹក។
បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព និងការអភិវឌ្ឍ។
បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង៕

ចែករំលែក

បញ្ចេញយោបល់