នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ លោក ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប និងភរិយា ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ បានអញ្ជើញចុះជួបក្រុមគ្រួសារ នៃសពលោក អ៊ឹម សំ នៅភូមិកំពង់ក្តី ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីចូលរួមសម្តែងការសោកស្តាយ និងរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិតរបស់ទាហានមួកខៀវកម្ពុជា ក្រោយមានការវាយប្រហារលើក្បួនកម្លាំងរបស់អង្គការសហប្រជាជាតិ នៅសាធារណ:រដ្ឋអាហ្រ្វិកកណ្តាល ។ លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា ការពលីជីវិតរបស់កងកម្លាំង៣រូបនេះ គឺជាកិត្តិយស និងជាកុលបុត្រខ្មែរដ៏ឆ្នើម ដើម្បីបុព្វហេតុការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព សន្តិភាព និងមនុស្សធម៌ នេះគឺជាគំរូវីរភាពដ៏ថ្លៃថ្លាសម្រាប់កងកម្លាំងប្រដាប់អាវុធ និងសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ហើយលោកក៏បានបួងសួងដល់វិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ អ៊ឹម សំ និងនាយទាហាន ពលទាហានពលីទាំងបីរូបទៀត បានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ ។ ជាមួយគ្នានោះដែរ លោកនិងភរិយាបានផ្តល់ថវិកាចំនួន ៤លានរៀល ជូនភរិយា និងគ្រួសារនៃសព ៕