នាយឧត្តសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលកងម្លាំងរសក្សាសន្តិភាព បោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានថ្លែងឱ្យដឹងថា ក្រុមគ្រួសាររបស់យោធិនកម្ពុជាទាំង៤រូប ដែលបានស្លាប់ដោយការវាយប្រហារពីពួកឧទ្ទាម នៅប្រទសអាហ្វ្រិកកណ្តាល នឹងទទួលបានសំណង ប្រមាណ៧ម៉ឺនដុល្លារអាមេរិក សម្រាប់សពម្នាក់ ពីអង្គការសហប្រជាជាតិ (UN)។
ការប្រគល់សំណងជូនក្រុមគ្រួសារសព នឹងធ្វើឡើងនៅក្រសួងការបរទេសកម្ពុជា ក្រោមអធិបតីភាពទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស នៅពេលសមស្របណាមួយ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានប្រាប់អ្នកកាសែត នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ទាហានមួកខៀវកម្ពុជាទាំង៤រូប នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះថា យ៉ាងឆាប់បំផុតពី១ទៅ២សប្តាហ៍ទៀត សពទាហានមួកខៀវរបស់កម្ពុជាទាំង៤រូប នឹងដឹកមកដល់ប្រទេសកម្ពុជា ដោយនៅពេលនេះ សពត្រូវបានតំកល់ទុក នៅរាជធានីបឹងហ្គី ប្រទេសអាហ្រ្វិកកណ្តាល ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្រ្តីបរទេសចូលគោរពវិញ្ញាក្ខន្ធ។
នាយឧត្តសេនីយ៍ សែម សុវណ្ណនី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាល សូមថ្កោលទោសនូវអំពើដ៏យង់ឃ្នងជាឧក្រិដ្ឋកម្មសង្រ្គាម ដែលបានធ្វើឱ្យវីរៈយុទ្ធជនរបស់កម្ពុជាទាំង៤រូប បាត់បង់ជីវិតក្នុងបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅអាហ្រ្វិកកណ្តាល៕