លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមអបអរសាទរក្នុងថ្ងៃព្រះរាជពិធីច្រត់ព្រះនង្គ័ល

ថ្ងៃសុក្រ ទី ១២ ឧសភា ២០១៧​
453

នៅថ្ងៃទី១២ ខែឧសភា​ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមអបអរសាទរក្នុងថ្ងៃព្រះរាជពិធីច្រត់ព្រះនង្គ័ល។ នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ ហើយក៏ជាពិធីមួយសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។

ហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃនេះ ជាព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះបានធ្វើឡើងនៅខេត្តព្រៃវែង»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿនក្រើនរំឭក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសចក្តីសុខសំណាងល្អ និងពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីខាននៅក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល៕

 

ចែករំលែក

បញ្ចេញយោបល់