កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៧ បានចាត់ឱ្យថ្នាក់ដឹកនាំ មន្ត្រីទីស្នាក់ការកណ្តាល រួមជាមួយនឹងសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ចាស់ៗគ្មានទីពឹង ស្ត្រីមេម៉ាយ គ្រួសារជនពិការ និងគ្រួសារទីទ័លក្រ ចំនួន ៨២៤គ្រួសារ រស់នៅក្នុងភូមិចំនួន៤៤ មកពីឃុំចំនួន១១ នៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ក្នុងពិសេសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរអំពីជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាមួយគ្នានោះ ក៏បានពាំនាំនូវអនុសាសន៍មួយចំនួនរបស់ លោកស្រី ជម្រាបជូនប្រជាពលរដ្ឋដែលមានខ្លឹមសារថា៖
១- សូមថែទាំសុខភាពឱ្យបានល្អ ត្រូវការពារខ្លួនកុំឱ្យមានជំងឺ ជាពិសេស ត្រូវរស់នៅមានអនាម័យ និងពិសារទឹកដាំឆ្អិន។
២- សូមគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នជានិច្ចរាល់ពេលធ្វើដំណើរតាមដងផ្លូវ។
៣- សូមអាណាព្យាបាល ត្រូវណែនាំកូន-ក្មួយឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹង ដែលជាប្រភពនៃអំពើហិង្សា ចោរកម្ម ចារកម្ម និងបង្កឱ្យមានអសន្តិសុខផ្សេងៗ។
៤- សូមស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ និងទៅសម្រាលកូននៅមណ្ឌលសុខភាព ដើម្បីសុខភាព និងសុវត្ថិភាពទាំងម្តាយ និងកូន។
ប្រជាពលរដ្ឋទាំងអស់ មានក្តីរំភើប និងសប្បាយរីករាយឥតឧបមា ព្រោះបានកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន តែងបានចុះជួយសម្រាលទុក្ខលំបាកដល់ពួកគាត់បានទាន់ពេលវេលា និងមិនមានការរើសអើងអ្វីឡើយ។
សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៨២៤គ្រួសារ ក្នុងគ្រួសារនីមួយៗទទួលអំណោយមនុស្សធម៌រួមមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង ១ ភួយ ១ សារុង ១ និងក្រមា ១។
នៅថ្ងៃដដែលនោះដែរ ក្រុមការងារកាកបាទក្រហមកម្ពុជា នៅបានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនចាស់ជរាគ្មានទីពឹង ដល់លំនៅឋានផ្ទាល់ ចំនួន៥គ្រួសារ បន្ថែមទៀតផង ៕