ពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំ២០១៧នេះ ប្រារព្ធធ្វើនៅខេត្តព្រៃវែង ក្រោមព្រះរាជអធិបតី ព្រះមហាក្សត្រ ស្វែងយល់ពីប្រវត្តិព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

ថ្ងៃសុក្រ ទី ១២ ឧសភា ២០១៧​
164

ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លឆ្នាំ២០១៧នេះ ត្រូវចាប់ផ្តើម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០​១៧នេះ នៅបរិវេណសាកលវិទ្យាល័យ​ ជា​ ស៊ីម​ កំចាយមារ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមព្រះរាជអធិបតី ដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

ពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានគេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ ឯវាលព្រះមេរុ ស្ថិតនៅពីខាងជើង នៃព្រះបរមរាជវាំងសព្វថ្ងៃ នៅរាជធានីភ្នំពេញ និងឆ្នាំខ្លះធ្វើនៅតាមខេត្តនោះ គឺមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។ ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយ សំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេកជាពិធីមួយ ស្ថិតក្នុងចំណោមពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ។ នៅប្រទេសឥណ្ឌាបុរាណ និងនៅព្រះរាជាណាចក្រកម្ពុជា  ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផល ដំណាំដទៃៗទៀត (បច្ចុប្បន្ន ប្រជានុរាស្ត្រខ្មែរ ប្រកបមុខរបរធ្វើស្រែ ប្រមាណជា៨០%)។

តាមពិតទៅ ការបង្កើតផលិតផលស្រូវអង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គ «ស្តេច» ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ។ មានន័យថា ផលដំណាំពុំមែន ស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ចនោះទេ ពោលគឺប្រាកដជាបណ្តាលមកពីពិធីកម្មនេះឯង។

តាម​ទម្លាប់​ពិធី​នេះ ​ធ្វើឡើង​ក្នុង​ការ​ផ្សង មើលប្រថ្នូល​របស់​ស្រុក​ទេស ទៅ​តាម​ការ ស៊ីផឹក របស់ «គោ​ឧសភរាជ» ។​ គោ​១​នឹម ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ គេ​ហៅថា «គោ​ឧសភរាជ» ក៏​មាន​កំណត់​ក្នុង​លក្ខណៈតាមបែប​និយម​បច្ចុប្បន្ន ​គឺ​សម្បុរ​ខ្មៅ ស្នែង​រាង​ជ្រ​ពាស់ ឈ្នក់ ឬប្រក់​នាគ គឺ​រាងខុប​ទៅមុខ​បន្ដិច ហើយ​វាត់​ចុង​ទៅលើ​បន្ដិច ។ គោ២ នឹម​ទៀត ដែលសម្រាប់​ ហែ​មុខ​ហែរ​ក្រោយ​ឃើញថា មិន​ទាន់​កំណត់​លក្ខណៈ តែ​តាម​ដែល​ធ្លាប់​ប្រើ​មក ហើយ​ឃើញ​ច្រើន​តែ​សម្បុរ​ក្រហម ។​ ឯ​ «គោ​ឧសភរាជ» នោះ​វេលា​ទឹម​ច្រត់ព្រះនង្គ័ល គេ​ប្រដាប់​ដោយ​គ្រឿង​ គឺ​ពាក់​ស្រោម​មុខ​ស្រោមស្នែង ​និង​ពាក់​សំពត់​កម្រាល​ សម្បុរ​ក្រហម​លើ​ខ្នង​ផង។ ឯ​ព្រះ​នង្គ័ល​ទាំង​៣​នោះ គេ​លាបថ្នាំ​ពណ៌​ខ្មៅ​កាត់​ខ្សែ​ក្រហម​ដោយ​អន្លើៗ​ឯ​ចន្ទោល​ព្រះ​នង្គ័ល​ សំរាប់​អ្នកតំណាង​ព្រះអង្គ​នោះ ​មាន​លក្ខណៈ​ពិសេស ​គឺ​ធ្វើ​ជា​រូប​នាគ​ លាបថ្នាំ​ពណ៌​លឿង​បែប ​យ៉ាង​ពណ៌​មាស។ នៅត្រង់​កនា​គ​មាន​ភូ​ធ្វើ​ពី រោមសត្វ​សម្បុរ បែប​ភូ​ទួន​។ ទាក់ទិន​នឹង​ការ​ផ្សង​គោ​ឧសភរាជ ​គឺព្រាហ្មណ៍​ព្រះ​រាជគ្រូ សូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ​ឧសភរាជ ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ ឱ្យ​ស៊ីផឹក​អាហារ​៧​យ៉ាង ដែល​ភ្នាក់ងារ​រៀប​ដាក់​តុ​ប្រាក់​ធំៗ តាំង​ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា គឺ​គ្រាប់ស្រូវ​១​តុ គ្រាប់​សណ្ដែក​១​តុ គ្រាប់​ពោត​១​តុ គ្រាប់​ល្ង​១​តុ ស្មៅ​ស្រស់​១​តុ ទឹក​១​តុ ស្រា​១​តុ។

សូត្រ​ចប់​ព្រាហ្មណ៍​ព្រះ​រាជគ្រូ យក​ទឹក មន្ដ​ប្រោះ​ក្បាល​ព្រះ​គោ​ទាំង​ពីរ ហើយ​មន្ដ្រី​ម្នាក់​ដែល​កាន់​នង្គ័ល​ស្ដេច​មាឃ ដឹកគោ​ឧសភរាជ​ទាំង​ពីរ​ទៅ​ឱ្យ​ស៊ីផឹក របស់​ទាំង​៧​យ៉ាង គឺ​ដឹក​ទៅ​ជិត​របស់​៧​យ៉ាង​ស្រេច​ហើយ តែ​គោ​ឧសភរាជ​ចូលចិត្ដ​ស៊ីផឹក​អ្វី ក៏​ស៊ីផឹក​ទៅ​គេ​មិន​បង្ខំ​ឱ្យ​ស៊ីផឹក ​ចំពោះ​អាហារ​ណា​នីមួយៗ​ទេ កាល​ព្រះ​គោ​ស៊ីផឹក​អ្វី​មួយ​យ៉ាង ឬ​ពីរ​យ៉ាង​ព្រាហ្មណ៍​ក៏​ទាយ​ផល​ប្រផ្នូល ​ទៅ​ខាង​មុខ​តាម​នោះ។

សរុបសេចក្តីមក ខ្មែរយើងប្រារព្ធពិធីច្រត់ព្រះនង្គ័លនេះឡើង តាមប្រពៃណីព្រាហ្មណ៍ បែបជំនឿលើលក្ខណៈពិសិដ្ឋរបស់អំណាច «ស្តេច» ហាក់ដូចជាមានលក្ខណៈចាស់ជាង ជំនឿបែបឥណ្ឌានិយម។ ត្រង់នេះយើងឃើញយ៉ាងច្បាស់លាស់ នូវលក្ខណៈសំយោគនៃប្រព័ន្ធគំនិតខ្មែរ។ តាមពិតទៅបុណ្យច្រត់ព្រះនង្គ័ល និងប្រពៃណីខ្មែរសុទ្ធសាធមួយចំនួនទៀត ពាក់ព័ន្ធនឹងការដាំដុះមានលក្ខណៈ និងអត្ថន័យស្រដៀងគ្នា ព្រោះថា ទោះការអនុវត្តពិធីនោះប្រកបដោយ លក្ខណៈព្រាហ្មណ៍ក្តី ឬជីវចលនិយមក្ដី វារមែងតែងតែនាំមកនូវភោគផល យ៉ាងច្រើនជាអតិបរមា។

ដូច្នេះពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធតាមឆន្ទៈ របស់ប្រជានុរាស្ត្រមានឧត្តមគតិដ៏ខ្ពង់ខ្ពស់គឺ ផ្តល់នូវការលូតលាស់លើវិស័យកសិកម្ម។ អ្វីមួយដែលនាំសង្គមខ្មែរឈានទៅរក វឌ្ឍនភាពកំពូលនាសម័យមហានគរ គឺការគ្រប់គ្រងទឹក៕

ចែករំលែក

បញ្ចេញយោបល់