លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បច្ចុប្បន្នអាស៊ានគឺជាសេដ្ឋកិច្ចលំដាប់ទី៣ នៅទ្វីបអាស៊ី និងទី៧ នៅលើពិភពលោក

ថ្ងៃព្រហស្បតិ៍ ទី ១១ ឧសភា ២០១៧​
96

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាបច្ចុប្បន្នអាស៊ានគឺជាសេដ្ឋកិច្ចលំដាប់ទី៣ នៅទ្វីបអាស៊ី និងទី៧ នៅលើពិភពលោក។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិ​បតីក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៧ (World Economic Forum on ASEAN 2017) នៅសណ្ឋាគារសុខាភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នអាស៊ានគឺជាសេដ្ឋកិច្ចលំដាប់ទី៣ នៅទ្វីបអាស៊ី និងទី៧ នៅលើពិភពលោក ជាមួយនឹងផលិតផលក្នុងស្រុកសរុបប្រមាណ២,៦ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ២០១៦។ ក្នុងរយៈពេល៥ ទសវត្សន៍កន្លងមកនេះ តំ​បន់អាស៊ីអគ្នេយ៍ បានធ្វើដំណើរឆ្លងកាត់ដំណាក់កាល​ដ៏ស្មុគស្មាញជាច្រើនពីតំបន់មួយដែលត្រូវបានបែងចែកជាប្លុកពីរផ្សេងគ្នារួមរឹតដោយជម្លោះ ទុក្ខលំបាកវេទនា និងភាពក្រីក្រមកជាតំបន់មួយ ដែលមានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍន៍រួបរួមជាសហគមន៍តែមួយនៅក្រោមចក្ខុវិស័យតែមួយគឺ «សហគមន៍អាស៊ាន» ដែលចារិកទៅដោយកំណើនសេដ្ឋកិច្ចខ្ពស់ និងការផ្លាស់ប្ដូររចនាសម្ព័ន្ធស៊ីជម្រៅ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា កិច្ចការអាទិភាពចំពោះមុខដ៏សំខាន់មួយរបស់អាស៊ាន គឺការខិតខំប្រឹងប្រែងជំរុញឱ្យបានសម្រេចឆាប់រហ័សនូវ «កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់» ដែលមានប្រទេសចូលរួមចំនួន១៦ ហើយអាស៊ានជាឆ្អឹងខ្នង មានទីផ្សារប្រមាណ ៣.៤ ទ្រីលាននាក់ ជាមួយនឹងទំហំសេដ្ឋកិច្ចសរុប ២២.៤ ទ្រីលានដុល្លារ ឬប្រហែលនឹង ៣០ភាគរយ នៃទំហំសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០១៥។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា កម្ពុជាជាសេដ្ឋកិច្ចតូចដែលបើកចំហនេះ​ គឺជាមូលហេតុចម្បងដែលនាំឱ្យយើងផ្ដល់សារៈសំខាន់ខ្ពស់ទៅលើការធ្វើសមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់។ ជាលទ្ធផល កម្ពុជាត្រូវបានចាត់ទុកជាសេដ្ឋកិច្ចមួយក្នុងចំណោមសេដ្ឋកិច្ចដែលលូតលាស់ថ្មី​ ហើយក៏ត្រូវបានចាត់ទុកជាប្រទេសរងគ្រោះដោយសង្គ្រាមដែលមានភាពជោគជ័យជាងគេ ដោយផ្អែកលើអត្រាកំណើនសេដ្ឋកិច្ចរឹងមាំជាមធ្យម ៧,៦% ប្រចាំឆ្នាំក្នុងចន្លោះពីឆ្នាំ ១៩៩៤ ដល់ ២០១៦ ហើយរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មានអត្រាអតិផរណាដែលអាចគ្រប់គ្រងបាន មានការគ្រប់គ្រងបំណុលសាធារណៈល្អប្រសើរ សម្រេចបាននូវការកាត់បន្ថយភាពក្រីក្រឆាប់រហ័ស៕

ចែករំលែក

បញ្ចេញយោបល់