នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាកម្ពុជាជាប្រទេសរងគ្រោះដោយសង្គ្រាម ដែលមានភាពជោគជ័យជាងគេ ផ្អែកលើអត្រាកំណើនសេដ្ឋកិច្ច។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៧ (World Economic Forum on ASEAN 2017) នៅសណ្ឋាគារសុខាភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា ត្រូវបានចាត់ទុកថា ជាប្រទេសសេដ្ឋកិច្ចមួយក្នុងចំណោមប្រទេសសេដ្ឋកិច្ចដែលលូតលាស់ថ្មី ទោះកម្ពុជាត្រូវបានសង្គ្រាមញាំញីខ្ទេចខ្ទីយ៉ាងណាក៏ដោយ ហើយកម្ពុជាបានសម្រេចកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ជាមធ្យម ៧.៦% ប្រចាំឆ្នាំ។ ក្រោមការវាយតម្លៃពីស្ថាប័នអន្តរជាតិ កម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មានអត្រាអតិផរណាដែលអាច គ្រប់គ្រងបានមានការគ្រប់គ្រងបំណុលសាធារណៈល្អប្រសើរ ពិសេសកម្ពុជាសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា គោលដៅធានាសម្រេចឱ្យបាននូវទស្សនវិស័យ រយៈពេលវែងឆ្ងាយរបស់ខ្លួន ពោលគឺការឈានឡើងទៅជាប្រទេស ដែលមានចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០ កម្ពុជានឹងបន្តជំរុញអនុវត្តការងារពាក់ព័ន្ធ ដោយឥតងាករេ និងរឹតតែសកម្មឡើងថែមទៀត នូវគោលនយោបាយសេដ្ឋកិច្ចបើកចំហ តាមរយៈការបង្កើនកិច្ចខិតខំប្រឹងប្រែងតភ្ជាប់ក្នុងគ្រប់រូបភាព និងសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ព្រមទាំងការបង្កើនល្បឿននៃការកែទម្រង់រចនាសម្ព័ន្ធ ក៏ដូចជាការកសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្សផងដែរ៕