នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាអាស៊ានចាំបាច់ត្រូវបន្តផ្តោតការយកចិត្តទុកដាក់របស់ខ្លួន ទៅលើរបៀបវារៈសំខាន់ៗចំនួន០៤។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៧ (World Economic Forum on ASEAN 2017) នៅសណ្ឋាគារសុខាភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា អាស៊ានបានក្លាយជាគោលដៅវិនិយោគដែលមានកំណើនដ៏ឆាប់រហ័សនៅលើពិភពលោក ពោលគឺទទួល បាននូវលំហូរទុនវិនិយោគផ្ទាល់ពីបរទេស ប្រមាណ១១% នៃលំហូរទុន វិនិយោគផ្ទាល់ពីបរទេសសរុបរបស់ពិភពលោកនៅឆ្នាំ២០១៦ បើប្រៀបធៀបនឹង ឆ្នាំ២០០៧ ដែលមានត្រឹមតែប្រមាណ៥%ប៉ុណ្ណោះ។ លើសពីនេះ អាស៊ានក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ របស់ពិភពលោកផងដែរ ទំាងទេសចរណ៍វប្បធម៌ ទាំងទេសចរណ៍ធម្មជាតិ ដែលមានសុវត្ថិភាពល្អ និងបដិសណ្ឋារកិច្ចប្រកបដោយស្តង់ដារខ្ពស់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា អាស៊ានចាំបាច់ត្រូវបន្តផ្តោតការយកចិត្តទុកដាក់របស់ខ្លួនទៅលើរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖
១- ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលេញ តាមរយៈការជំរុញលើកកម្ពស់ កិច្ចសន្ទនាជិតស្និទ្ធ ការកសាងទំនុកចិត្ត ព្រមទាំងការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធី និងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។
២- ការបន្តធានាកំណើនសេដ្ឋកិច្ចដ៏រឹងមាំ មានតុល្យភាព ចីរភាព និងបរិយាប័ន្ន ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេស លើការកាត់បន្ថយគម្លាតអភិវឌ្ឍន៍។
៣- ការបន្តជំរុញអនុវត្តឱ្យបានសម្រេចតាមការគ្រោងទុកនូវ «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥» ក្នុងការតភ្ជាប់ជារូបវ័ន្ត ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់រវាងមនុស្សសំដៅលើកកម្ពស់ សមត្ថភាពប្រកួតប្រជែង ភាពរីកចម្រើន បរិយាប័ន្ន និងភាពធន់នៃសេដ្ឋកិច្ចរបស់តំបន់ទាំងមូល។
៤- ការបន្តជំរុញលើកកម្ពស់តួនាទីស្នូលរបស់អាស៊ាន នៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងការពង្រឹងសមត្ថ ភាពរបស់អាស៊ាន ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា ទាំងកម្រិតតំបន់ទាំងក្នុងកម្រិតសកល៕