លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វេទិកាសេដ្ឋកិច្ចពិភពលោកថ្ងៃនេះ ផ្តល់នូវកាលានុវត្តភាពសម្រាប់ការលើកស្ទួយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ

ថ្ងៃព្រហស្បតិ៍ ទី ១១ ឧសភា ២០១៧​
102

នៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា វេទិកាសេដ្ឋកិច្ចពិភពលោកថ្ងៃនេះ ផ្តល់នូវកាលានុវត្តភាពសម្រាប់ការលើកស្ទួយកិត្តិនាមកម្ពុជាលើឆាកអន្តរ ជាតិ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញផ្តល់សន្និសីទសារព័ត៌មានស្តីពី វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៧ ដែលមានការចូលរួមពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកថ្ងៃនេះនៅកម្ពុជា គឺពិតជាបានផ្តល់នូវកាលានុវត្តភាពសម្រាប់ការលើកស្ទួយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ ដែលជាមោទនៈភាពជាតិយើង។ លើសពីនេះទៅទៀត វេទិកានេះ នឹងរួមចំណែកដល់ការលើកតម្កើងកាលានុវត្តភាពវិស័យវិនិយោគ និងទេសចរណ៍របស់កម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពី អាស៊ានឆ្នាំ២០១៧ នឹងផ្ដល់លទ្ធផលប្រកបដោយផ្លែផ្កា ដើម្បីលើកកម្ពស់ថែមទៀតដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព សន្តិភាព ស្ថិរភាព និងវិបុលភាព ដែលរួមចំណែកដល់ការកសាង សហគមន៍ អាស៊ានដ៏រឹងមាំមួយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា បដិវត្តន៍ឧស្សាហកម្ម ពិតជានាំមកនូវផលប្រ​យោ​ជន៍ខ្លាំង តែទន្ទឹមនេះ ដោយសារបច្ចេកវិទ្យាកាន់តែទំនើបក៏ឱ្យមាននូវហានិភ័យផងដែរ ដូចជាការប្រើមនុស្សយន្តធ្វើការជាដើម គឺបានប៉ះពាល់ដល់ចំនួនការងារសម្រាប់ប្រជាជន។ កម្ពុជាបានដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម ២០១៥ -២០២៥ រួមនិងការដាក់ចេញនូវយុទ្ធសាស្ត្រ មិនអាចបែងចែកដាច់ពីគ្នារវាងប្រាក់ចំណូល និងទ្រព្យសម្បត្តិរវាងប្រទេសមួយជាមួយប្រទេសមួយទៀតបានទេ តែសង្ឃឹមថា ការកាត់បន្ថយគម្លាតខួរក្បាល នឹងអាចធ្វើឱ្យមានការកាត់បន្ថយគម្លាតក្នុងការធ្វើសមាហរណកម្មពិភពលោក។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ផងដែរថា កម្ពុជាបានដើរមកដល់ដំ​ណាក់កាលនេះ គឺត្រូវស្គាល់ពីអតីតកាលដែលល្បីដោយការកាប់សម្លាប់ បំផ្លិចបំផ្លាញ ដោយសង្គ្រាម តែពេលនេះកម្ពុជាកំពុងមានការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់។ កម្ពុជាក៏ទទួលបានមួយចំនួនរួចមកហើយនូវការវិនិយោគដោយបច្ចេកវិទ្យាទំនើប ហើយក្រុមហ៊ុនធំៗមួយចំនួនដែលមានរោងចក្រនៅក្នុងប្រទេសថៃ និងវៀតណាម ក៏បានបន្ថែមការវិនិយោគរបស់គេនៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញថា កម្ពុជាមានធនធានមនុស្សដែលជំនាញគ្រប់គ្រាន់សម្រាប់ការវិនិយោគទាំងនោះ៕

 

ចែករំលែក

បញ្ចេញយោបល់