កាកបាទក្រហមកម្ពុជា ចូលរួមរំលែកមរណៈទុក្ខជាមួយគ្រួសារសព លោកអនុសេនីយ៍​ ម៉ៅ អេង​ ដោយ​បាននាំយក​នូវគ្រឿង​ឧបភោគ​ បរិភោគ​ និងបច្ច័យ​មួយចំនួន​

ថ្ងៃព្រហស្បតិ៍ ទី ១១ ឧសភា ២០១៧​
187

នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានចាត់ប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព លោកអនុសេនីយ៍ ម៉ៅ អេង និងបាននាំយកនូវគ្រឿងឧបភោគ បរិភោគ ក៏ដូចជាបច្ច័យមួយចំនួនចូលរួមបុណ្យសព ដែលមានទីលំនៅនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង  ដែលបានស្លាប់ដោយមានការពួនស្ទាក់វាយប្រហារដោយក្រុមឧទ្ទាម លើក្បួនយុទ្ធដំណើរកងកម្លាំងរបស់ អ.ស.ប បណ្តាលឱ្យកងកម្លាំងមួកខៀវកម្ពុជា ពលីចំនួន០៤នាក់ បានស្លាប់ នៅសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោក អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លោកស្រី ដួង វណ្ណា តំណាងរាស្ត្រ មណ្ឌលស្វាយរៀង  លោក ស វណ្ណា ប្រធានសាខាកាកបាទក្រហមខេត្ត និងលោក លោកស្រី ជាច្រើនរូបទៀត។

លោក អ៊ុយ សំអាត បានផ្ដាំផ្ញើនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ ឧត្តមស្វាមី ឪពុក ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងជាវីរជនខ្មែរដ៏អង់អាចក្លាហាន ក្នុងការស្វែងរកសន្តិភាពជូនជាតិមាតុភូមិ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ នៃសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក

បញ្ចេញយោបល់