អភិបាលខេ​ត្តពោធិ៍សាត់ ចូលរួម​រំលែកទុក្ខយុទ្ធ​ជនពលី មុំ តុលា ដែលរង​ការវាយ​ប្រហារ ដោយក្រុមឧទ្ទាម ក្នុង​បេសកកម្ម នៅប្រទេសអាហ្រ្វិក​កណ្តាល

ថ្ងៃព្រហស្បតិ៍ ទី ១១ ឧសភា ២០១៧​
143

លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ បាននាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយ ចំពោះការពលីរបស់ព្រិន្ទបាលទោ មុំ តុលា ក្នុងចំណោមកងកម្លាំងមួកខៀវកម្ពុជា ៤រូប ដែលរងការវាយប្រហារ ដោយក្រុមឧទ្ទាម នៅប្រទេសអាហ្រ្វិកកណ្តាល។

លោក ម៉ៅ ធនិន បានថ្លែងថា «យើងខ្ញុំទាំងអស់គ្នា សូមសំដែងនូវការសោកស្តាយក្រៃលែង និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសពព្រិន្ទបាលទោ មុំ តុលា និងកងខេមរភូមិន្ទទាំងអស់ ដែលពលីជីវិត ប្រកបដោយកិត្តិយសថ្លៃថ្នូរបំផុត ក្នុងបេសកកម្មមនុស្សធម៌ ការពារសន្តិភាពអន្តរជាតិ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ UN»។ ជាមួយគ្នានោះលោកបានបញ្ជាក់ថា នៅពេលដែលសពដឹកជញ្ជូនមកដល់ខេត្តពោធិ៍សាត់ ឯកឧត្តមនឹងធានារ៉ាប់រងរាល់ការចំណាយទាំងអស់។

សម្ភារៈដែលចូលរួមរំលែកទុក្ខគ្រួសារសពរួមមាន អង្ករ១០០គីឡូក្រាម មី៤កេសតូច ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ និងថវិកា១លានរៀល។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោងនៅក្នុងប្រទេសកម្ពុជា កងកម្លាំងមួកខៀវរបស់កម្ពុជាបម្រើការងារនៅប្រទេសអាហ្រ្វិកកណ្តាល បានរងការវាយប្រហារដោយក្រុមឧទ្ទាម បណ្តាលឲ្យកម្លាំងកម្ពុជា ៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។

កងទ័ពមួកខៀវកម្ពុជា ដែលបានពលីជីវិតនោះរួមមាន៖
១-អនុសេនីយ៍ទោ អ៊ឹម សំ អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
២-អនុសេនីយ៍ឯក ម៉ៅ អេង អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
៣-ព្រិន្ទបាលទោ ស៊ាង នរិន្ទ អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅជុំក្រៀល ឃុំជុំក្រៀល ស្រុកកំពត ខេត្តកំពត។
៤-ព្រិន្ទបាលទោ មុំ តុលា មានស្រុកកំណើតនៅភូមិវាល ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕

ចែករំលែក

បញ្ចេញយោបល់