គំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិនប្រឈមនឹង សណ្តាប់ធ្នាប់ដែលដឹកនាំដោយសហរដ្ឋអាមេរិក

ថ្ងៃព្រហស្បតិ៍ ទី ១១ ឧសភា ២០១៧​
151

នៅ​ខែ​នេះ អ្វី​ដែល​​ទំនងជា​នឹង​កើត​កើត​ឡើង​នោះ គឺ​កិច្ច​ប្រ​ជុំ​កំពូល​អន្តរ​ជាតិ​ដ៏​ធំបំផុត​នៅ​ឆ្នាំនេះ​ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ក្នុង​ទី​ក្រុង​ប៉េ​កាំង​ ដើម្បី​ពិ​ភាក្សា​ពី​គម្រោងមហិ​ច្ឆ​តា​​បំផុត​របស់​ពិ​ភព​លោក។ គំនិត​ផ្តួច​ផ្តើម​ផ្លូវ​មួយ​ ខ្សែ​ក្រ​វ៉ាត់​មួយរបស់​ចិន ​មាន​គោល​បំណង​ដើម្បីកំណត់​ឡើង​វិញ​នូវ​សេដ្ឋ​កិច្ច​ពិ​ភព​លោក​នៃ​សត​វត្សរ៍​ទី​២១ ដោយ​ការ​ធ្វើ​សមាហ​រណ​សេដ្ឋ​កិច្ច​របស់​អឺ​រ៉ុប​ អាស៊ី និង​អា​ហ្រ្វិក​តាម​រយៈ​បណ្តាញ​ដឹកជញ្ជូន និង​ហេដ្ឋា​រច​នា​សម្ព័ន្ធ​សារ​គម​នា​គមន៍​ដ៏​មាន​ឥទ្ធិ​ពល និង​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក។

ការ​ប៉ាន់​ប្រ​មាណ​មួយ​ចំនួន​បាន​ដាក់​តម្លៃ ១ ទ្រី​លាន​ដុល្លារ​ដែល​នឹង​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​កម្ម​វិធី​មួយ​ក្នុង​ចំណោម​កម្ម​វិធី​ដ៏​ធំ​បំផុត​ ទោះ​បី​ជា​វា​មិន​មែន​ជាកម្ម​វិធី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ដ៏​ធំបំផុត​នៅ​ក្នុង​ប្រ​វត្តិ​សាស្រ្តក៏​ដោយ​ ដែល​ជា​ការ​ចំណាយ​ឥត​សំចៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​ផែន​ការ​ស្តារ​អឺរ៉ុបឡើង​វិញ​របស់​អា​មេ​រិក​ក្រោយ​ពី​សង្រ្គាម​លោក​លើក​ទី​២។

ដូច្នេះវា​គ្មាន​អ្វី​​ចម្លែក​ទេ​ ដែល​មេ​ដឹក​នាំ​ពិភព​លោក​ជាច្រើន​នឹង​បង្ហាញ​វត្ត​មាន​នៅ​ក្នុង​ទី​ក្រុង​ប៉េ​កាំង​ដើម្បី​ទាម​ទារ​នូវ​តួ​នាទី​នៅ​ក្នុង​គម្រោង​មហិច្ឆតា​បំផុត​របស់​ពិភព​លោក​។ រដ្ឋ​មន្រ្តី​ការ​បរ​ទេស​ចិន​បាន​ប្រ​កាស​នា​ពេល​ថ្មីៗ​នេះ​ថា ប្រ​ទេស​ចំនួន​១១០ នឹង​ធ្វើ​ជា​តំណាង​ ក្នុង​ចំណោម​នោះ​ គឺ​មានមេ​ដឹក​នាំ​ថ្នាក់​ជាតិ​មិន​តិច​ជាង ​២៨ រូប​ឡើយ។ ពួកគេ​ទាំង​នោះ រួម​មាន​មេ​ដឹក​នាំ​រុស្ស៊ី តួកគី កាហ្សាក់​ស្ថាន​ ឥណ្ឌូនេ​ស៊ី វៀតណាម ម៉ាឡេ​ស៊ី ប៉ាគីស្ថាន និង​ហ្វី​លីពីន​មក​ពី​តំបន់​អា​ស៊ី និង​មាន​មេ​ដឹក​នាំ​ដទៃ​ជា​ច្រើនទៀត​មក​ពី​អឺ​រ៉ុប និង​អាហ្រ្វិក។ វា​គឺ​ជា​ការ​ជួប​ជុំ​គ្នា​មួយ​ដែល​គួរ​ឱ្យ​កត់​សម្គាល់។

ក្នុង​ចំណោម​បណ្តា​ប្រ​​ទេស​មួយ​ចំនួន​ ដែល​មិន​បាន​បញ្ជូន​មេ​ដឹក​នាំ​ថ្នាក់​ជាតិ​របស់​ខ្លួន ​មាន​ដូច​ជា អាមេ​រិក ជប៉ុន ឥណ្ឌា អូស្រ្តាលី សឹង្ហ​បូរី និង​ប្រ​ទេស​អឺរ៉ុ​ប​ភាគ​ខាង​លិច​ស្ទើរ​តែ​ទាំង​អស់។ ពួក​គេ​ទាំង​អស់​នឹង​ធ្វើ​ជា​តំណាង​នៅ​កម្រិត​មធ្យមតែ​​ប៉ុណ្ណោះ។ វា​មិន​មែន​ជា​ការ​ចៃ​ដន្យ​ទេ ដែល​ប្រ​ទេស​ទាំង​នេះចង​ស្ព័ន្ធ​មិត្ត​ជា​មួយ​នឹង​អា​មេ​រិក​ និង​មិន​សប្បាយ​ចិត្ត​អំពី​ការរីក​ចម្រើន​​របស់​ចិន។

សម្រាប់​មនុស្ស​ជា​ច្រើន​ទៀតយល់​ឃើញ​ថា គំនិត​ផ្តួច​ផ្តើម​ផ្លូវ​មួយ ខ្សែ​ក្រ​វ៉ាត់​មួយ​របស់​ចិន​ គឺ​ប្រ​ហែល​ជា​មិន​ទាក់​ទិន​នឹង​សេដ្ឋ​កិច្ច​ទាំង​ស្រុងនោះទេ។ ផ្ទុយ​ទៅ​វិញ ទាំង​អស់​នេះ វា​គឺ​ជា​ការ​ពង្រីក​ឥទ្ធិ​ពល​នយោ​បាយ និង​យុទ្ធ​សាស្រ្ត​របស់​ចិននៅ​ក្នុង​ការ​ចំណាយ​របស់​អា​មេ​រិក។ ប៉ុន្តែ​គោល​បំណង​សំខាន់ ​គឺមានទំហំ​ធំធេង និងមាន​​មហិច្ឆតា​បន្ថែម​ទៀត។ ចិន​ចង់​ពង្រឹង​ជំហរ​របស់​ខ្លួន​ឱ្យ​នៅ​ចំកណ្តាល​នៃ​បណ្តាញ​ផលិតកម្ម និងការ​​ផ្គត់ផ្គង់​ពិ​ភព​លោក។ នេះ​គឺវា​សំខាន់​ណាស់​សម្រាប់​ទស្សន​វិស័យ​នៃ​សេដ្ឋ​កិច្ច​ពិភព​លោក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទស​វត្សរ៍​ខាង​មុខ​ទៀត​​​។ ចិន​យល់​ថា ខណៈ​ដែល​សេដ្ឋ​កិច្ច​របស់​ខ្លួន​មាន​ភាព​រឹង​មាំ ព្រម​ទាំង​មាន​កម្រិត​ប្រាក់​ចំណូល​ឡើង​ខ្ពស់ និងឧស្សាហ​កម្ម​មាន​ប្រាក់​ឈ្នួល​ទាប បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋ​កិច្ច​ប្រ​ទេស​នេះ​កើន​ឡើងរហូត​មក​ដល់​ពេល​នេះ ហើយ​នឹង​ធ្វើ​ឱ្យ​ឧស្សាហ​កម្ម​ទាំង​អស់​ទៅ​វិ​និយោគ​នៅ​ក្នុង​ប្រ​ទេស​អភិវឌ្ឍ​តិច​តួច ដែល​សោហ៊ុយ​ការ​ងារ​ពល​កម្ម​កាន់​តែ​ទាប​ជាង​នេះ៕

​​​​(​ប្រភព: East Asia Forum ចុះថ្ងៃទី១០ ខែ​​​​​ឧ​សភា​​​ ឆ្នាំ២០១៧)

 

ចែករំលែក

បញ្ចេញយោបល់