ស្ថិតក្រោមការគំរាមកំហែងនៃសកម្មភាពយោធាពីប្រធានាធិបតីអាមេរិកលោក Donald Trump ប្រទេសចិនហាក់ដូចជាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងកូរ៉េខាងជើងពីការបង្កហេតុផ្នែកយោធាណាមួយទៀត។
យោងតាមមន្រ្តីអាមេរិកបានឱ្យដឹងថា ទីក្រុងប៉េកាំង កន្លងមកនេះបានរារាំងផែនការសាកល្បងអាវុធនុយក្លេអ៊ែរលើកទីប្រាំមួយរបស់កូរ៉េខាងជើង។ យុទ្ធសាស្រ្ត និងតាកតិចណាមួយ ដែលប្រើប្រាស់ដើម្បីបញ្ជៀសការសាកល្បងអាវុធនេះ គឺមិនដឹងច្បាស់នោះទេ។
កាលពីថ្ងៃទី១៤ ខែមេសាកន្លងទៅនេះ ការិយាល័យការពារបរិស្ថានសម្រាប់ទីក្រុង Dalian ដែលជាទីក្រុងកំពង់ផែរមួយឆ្លងកាត់សមុទ្រលឿងចេញពីកូរ៉េខាងជើងនោះ បានចេញនូវព្រឹត្តិបត្រព័ត៌មានផ្ទៃក្នុង ដោយព្រមានមិនឱ្យទីក្រុង Pyongyang សាលក្បងអាវុធនុយក្លែអ៊ែរបន្តបន្ទាប់ទៀត។
ការសាកល្បងអាវុធនុយក្លេអ៊ែរ មិនបានកើតឡើងនៅសប្តាហ៍នោះទេ ផ្ទុយមកវិញ ការសាកល្បងមីស៊ីលរយៈចម្ងាយខ្លីបានធ្វើឡើងជំនួសវិញ។ លោក Trump បានលើកឡើងថា “កូរ៉េខាងជើងមិនគោរពតាមសំណួមពររបស់ចិន ហើយបើទោះបីជាការសាកល្បងនេះមិនទទួលបានជោគជ័យក៏ដោយ ក៏ការសាកល្បងនៅថ្ងៃនេះ គឺជារឿងអាក្រក់។”
ទីក្រុង Washington បានព្រមានកូរ៉េខាងជើងថា ព្រឹត្តិការណ៍អាវុធនុយក្លេអ៊ែរ អាចបង្កឱ្យមានអន្តរាគមន៍ដោយយោធាពីអាមេរិក ដូចជា ការវាយប្រហារតាមផ្លូវអាកាស ឬក៏ការវាយប្រហារ
ដោយមីស៊ីលលើមូលដ្ឋាននុយក្លេអ៊ែរកូរ៉េខាងជើង ដែលអាចបង្កសង្រ្គាមកូរ៉េមួយផ្សេងទៀត។
កូរ៉េខាងជើងមានមូលដ្ឋាននុយក្លេអ៊ែរប្រហែលជា ២១ កន្លែង។ មូលដ្ឋានទាំងនោះរួមមាន ទីតាំងសាកល្បងកម្រិតខ្ពស់ មូលដ្ឋានក្រោមដីជាដើម។
ប្រតិបត្តិការយោធារបស់អាមេរិកណាមួយប្រឆាំងនឹងមូលដ្ឋាននុយក្លេអ៊ែរកូរ៉េខាងជើង អាចនឹងមានការលំបាក ពីព្រោះ វាត្រូវការអាវុធមួយចំនួនដែលមានសមត្ថភាពកម្ទេចមូលដ្ឋានក្រោមដីរបស់កូរ៉េខាងជើង។ គេមានជំនឿថា ការវាយប្រហារមួយដោយនុយក្លេអ៊ែរ ក៏នឹងមិនអាចបំផ្លាញមូលដ្ឋាននុយក្លេអ៊ែររបស់កូរ៉េខាងជើងបានទាំងស្រុងនោះទេ។
ការរារាំងអន្តរាគមន៍យោធាពីអាមេរិកនៅក្នុងតំបន់ នៅតែជាកត្តាអាទិភាពខ្ពស់បំផុតរបស់ចិន។ ក្នុងការឈានដល់គោលដៅនេះ មេដឹកនាំចិនលោក Xi Jinping បានស្វែងរកការយោគយល់មួយពីកូរ៉េខាងជើង អំឡុងពេលកិច្ចប្រជុំរបស់គាត់ជាមួយលោក Trump នៅរដ្ឋ Florida។
លោក Trump បានលើកឡើងយ៉ាងច្បាស់ដល់លោក Xi ថា សហរដ្ឋអាមេរិកនឹងធ្វើសកម្មភាពដោយឯកតោភាគី ប្រសិនបើចិនបរាជ័យនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការរារាំងទីក្រុង Pyongyang នោះ។
លោក Trump បានបញ្ជាក់ទៀតថា គាត់នឹងជួបពិភាក្សាជាមួយកូរ៉េខាងជើងនៅថ្ងៃអនាគត ហើយថា គាត់នឹងជួបលោក Kim Jong Un ផ្ទាល់។
ជាបន្តបន្ទាប់ទៀត នៅថ្ងៃទី២៤ ខែមេសា លោក Trump និងលោក Xi បានពិភាក្សាគ្នាតាមទូរស័ព្ទ នៅពេលដែលលោក Trump បានរិះគន់ការបន្តសកម្មភាពបង្កហេតុរបស់ទីក្រុង Pyongyang។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក Xi បានជំរុញឱ្យសហរដ្ឋអាមេរិកមានការអត់ធ្មត់ ហើយទទូចថា ចិននឹងប្រឆាំងទៅនឹងការសាកល្បងនុយក្លេអ៊ែរផ្សេងទៀតពីកូរ៉េខាងជើង។
សញ្ញាដ៏សំខាន់មួយ ដែលចិនអាចចូលរួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការបង្កើនការដាក់សម្ពាធលើកូរ៉េខាងជើងនោះ បានកើតឡើង តាមរយៈរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយរដ្ឋចិន ដែលបញ្ជាក់ថា ការសាកល្បងអាវុធនុយក្លេអ៊ែរណាមួយទៀត អាចនឹងប៉ះពាក់ដល់កិច្ចព្រមព្រៀងការពារជាតិ ចិន-កូរ៉េខាងជើង ឆ្នាំ ១៩៦១។
ជាងនេះទៅទៀត សារព័ត៌មាន The Global Times បានសរសេរនៅថ្ងៃទី១៨ ខែមេសានេះថា ការសាកល្បងនុយក្លេអ៊ែរ នឹងបង្ខំឱ្យទីក្រុងប៉េកាំងចូលរួមជាមួយអាមេរិក “បង្កើនទណ្ឌកម្មបន្ថែមទៀត” លើកូរ៉េខាងជើង។ ជាលទ្ធផល ចិនអាចប្រើប្រាស់វិធានការជាច្រើនដូចជា ការផ្អាកការនាំចេញប្រេងទៅកាន់កូរ៉េខាងជើងជាដើម។
អត្ថបទមួយនៅក្នុងសារព័ត៌មាន The Global Times បានលើកឡើងទៀតថា ចិនអាចប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយលើកហេតុផលថា ប៉ះពាល់ដល់បរិស្ថាន។ ចិននឹងមិនអនុញ្ញាតឱ្យតំបន់ភាគខាងជើងរបស់ខ្លួន ត្រូវបានរងផលប៉ះពាល់ដោយសកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ។
កូរ៉េខាងជើងបានឆ្លើយតបទៅនឹងព័ត៌មាននេះថា សេចក្តីថ្លែងការណ៍ភ្លីភ្លើចេញពីសារព័ត៌មានរបស់ចិនេះ បាន និងកំពុងធ្វើឱ្យស្ថានការកាន់តែអាក្រក់។
កូរ៉េខាងជើងអាចនៅតែបន្តសាកល្បងនុយក្លេអ៊ែរ។ ក៏ប៉ុន្តែ អវត្តមាននៃការសាកល្បងកន្លងមកនេះ គឺជាតម្រុយមួយ មិនដូចជាករណីនៅក្នុងរឿងប្រលោមលោក Sherlock Holmes ដែលនិយាយថា សត្វឆ្កែមិនព្រុសទេ នៅពេលអ្នកបង្វឹកសេះគឺជាចោលួចសេះ៕
ប្រភព : Asia Time ចុះថ្ងៃទី១០ ឧសភា ឆ្នាំ២០១៧