លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យវិទ្យុអាស៊ីសេរី និងកាសែត Cambodia Daily សរសេរព័ត៌មាន ដោយសុក្រឹតភាព តម្លាភាព មិនលំអៀង កុំទោរទន់ពីម្ខាងទៅម្ខាងខុសស្ថានភាពជាក់ស្ដែង

ថ្ងៃព្រហស្បតិ៍ ទី ១១ ឧសភា ២០១៧​
154

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យ វិទ្យុអាស៊ីសេរី និងកាសែត Cambodia Daily សរសេរព័ត៌មានឱ្យបានត្រឹមត្រូវ ដោយសុក្រឹតភាព តម្លាភាព មិនលំអៀង កុំទោរទន់ពីម្ខាងទៅម្ខាងខុសស្ថានភាពជាក់ស្ដែង។ លោកបានថ្លែងដូចនេះ ក្នុងសន្និសីទមុនបើកវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ២០១៧ (World Economic Forum on ASEAN 2017) នៅសណ្ឋាគារសុខាភ្នំពេញ។

នៅក្នុងពេលឆ្លើយតបនឹងសំនួរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាស់តឿនដល់អ្នកសរសេរព័ត៌មានឱ្យវិទ្យុអាស៊ីសេរី និងកាសែត Cambodia Daily ថា ពួកគេសរសេរព័ត៌មានអាក្រក់ពីលោកជិត២០ឆ្នាំហើយ លោកមិនដែលខឹងសម្បារអ្វីទេ មានតែស្នើទៅវិញថា សូមឱ្យសរសេរព័ត៌មានត្រឹមត្រូវ តាមការពិតមិនលំអៀង ទោរទន់ទៅខាងបរទេស ហើយគួរកុំឱនក្បាលបម្រើបរទេសទាំងនោះឱ្យសោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បើទោះជាអ្នកសរសេរព័ត៌មានឱ្យកាសែត Cambodia Daily ដែលជាអង្គភាពកាសែតបរទេសនោះ បានសរសេរព័ត៌មានបង្កាច់បង្ខូច លោកនាពេលកន្លងមក យ៉ាងណាក៏ដោយ ក៏លោកមិនដាច់ចិត្តបោះបង់ចោល ទ្រាំឈរមើលអតីតបុគ្គលិកកាសែត Cambodia Daily ដែលសុទ្ធតែជាប្រជាពលរដ្ឋខ្មែរ រងទុក្ខវេទនាដោយជំងឺ និងជីវភាពក្សត់ខ្សោយនោះឡើយ។ ជាក់ស្ដែងនៅថ្ងៃម្សិលមិញ លោកបានប្រគល់ថវិកាឧបត្ថម្ភចំនួន ២ម៉ឺនដុល្លារ ជូនបុគ្គលិកកាសែត Cambodia Daily ម្នាក់បានធ្លាក់ខ្លួនឈឺជាទម្ងន់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ទៀតថា ក្នុងនាមប្រជាជាតិខ្មែរដូចគ្នា គ្មានប្រជាជាតិណាស្រឡាញ់ និងយកចិត្តទុកដាក់ជាងប្រជាជាតិខ្មែរគ្នាឯងនោះឡើយ ដូច្នេះប្រជាពលរដ្ឋខ្មែរមិនត្រូវងប់ក្បាលជ្រុលនិយម ជាមួយពួកបរទេសដែលតែងតែឈ្នានីសប្រទេសកម្ពុជាខ្លាំងពេកនោះឡើយ។ លោក ហ៊ុន សែន ក៏បានផ្ដាំផ្ញើទៅបុគ្គលិកសរសេរព័ត៌មាន របស់អង្គភាពទាំងពីរខាងលើនេះ ក៏ដូចជាអង្គភាពសារព័ត៌មានដទៃទៀតថា សូមសរសេរព័ត៌មានឱ្យបានត្រឹមត្រូវ ដោយសុក្រឹតភាព តម្លាភាព មិនលំអៀង កុំទោរទន់ពីម្ខាងទៅម្ខាងខុសស្ថាន ភាពជាក់ស្ដែងឱ្យសោះ តួយ៉ាងដូចវេទិកាពេលនេះជាដើម ព្រោះមានមនុស្សរាប់លាននាក់ កំពុងតែទស្សនាការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាច្រើន៕

ចែករំលែក

បញ្ចេញយោបល់