ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែក្តិក ឆ្នាំច ចត្វាស័កព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សាដោយទទួលព្រះបរមបច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ» ។
ឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា រួមជាជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រាជធានី ខេត្ត និងប្រជារាស្រ្ត ក្នុងទូទាំងប្រទេសនឹងប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៤ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦។
ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុឯករាជ្យជាតិ បុរណភាពទឹកដីផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍ដល់គ្រប់វិស័យ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមដាក់ចេញនូវផែនការណែនាំដូចតទៅ៖
១-ក្រសួងព្រះបរមរាជវាំងចាត់តាំងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» តាមប្រពៃណីសាសនាប្រពៃណីជាតិ និងតាមការសព្វព្រះរាជហឫទ័យរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
២-គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវរៀបចំកម្មវិធីជូនគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរាជធានីភ្នំពេញ អញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» នៅព្រះបរមរូប ព្រះករុណា «ព្រះបរមរតនកោដ្ឋ»នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ នាថ្ងៃទី១៥ខែតុលា ឆ្នាំ២០១៦។
៣- គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរាជធានីភ្នំពេញ ចាត់តាំងគណៈប្រតិភូថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ នាថ្ងៃទី១៥ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៧: ០០នាទីព្រឹកតទៅ។
ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណា «ព្រះបរមរតនកោដ្ឋ» បំភ្លឺភ្លើងពណ៌ និងតុបតែងលម្អទង់ជាតិ ទង់ក្អែប បដា ពាក្យស្លោក ឱ្យបានសមរម្យ។ ចាត់តាំងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់៤ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅតាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរាជធានីភ្នំពេញរបស់ខ្លួន ដោយមានវត្តមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ បុគ្គលិកក្រោមឱវាទចូលរួមឱ្យបានស័ក្តិសមទៅនឹងព្រះរាជគុណូបកា្ករៈដ៏ធំធេងរបស់ព្រះអង្គចំពោះជាតិ សាសនា និងប្រជារាស្ត្រ។
៤-រាជធានីភ្នំពេញ និងគ្រប់ខេត្ត ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ដោយបំភ្លឺភ្លើងពណ៌ និងតុបតែងលម្អទង់ជាតិ ទង់ក្អែប បដាពាក្យស្លោកតាមបណ្តាមន្ទីរ អង្គភាព រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ ក្រុមហ៊ុនឯកជន សាលារៀន និងបំផុស ប្រជារាស្រ្តឱ្យចង់ទង់ជាតិគ្រប់គេហដ្ឋានឱ្យបានព្រមៗគ្នា។
រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ៤ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ដោយមានវត្តមានព្រះសង្ឃ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការក្រោមឱវាទ និមន្ត និងចូលរួមឱ្យបានស័ក្តិសម។
៥-ក្រសួងធម្មការ និងសាសនា ណែនាំគ្រប់វត្តអារាម មណ្ឌលវិបស្សនា និងអាស្រម ព្រះពុទ្ធសាសនា និងពាហិរសាសនា រៀបចំឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ទៅតាមប្រពីណៃសាសនា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ដោយមានវត្តមានព្រះសង្ឃ បព្វជិត សីលវន្ត សីលវតី ឧបាសក ឧបាសិកា ប្រជារាស្ត្រ ចូលរួមឱ្យបានច្រើន និងដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ តុបតែងលម្អទង់ជាតិ ទង់សាសនា បដា ពាក្យស្លោក។
៦-ក្រសួងព័ត៌មាន ចាត់តាំងរៀបចំកម្មវិធីផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមវិទ្យុ ទូរទស្សន៍ជាតិ ឯកជន អំពីព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព និងស្នាព្រះហស្តរបស់ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះជាតិ សាសនា និងប្រជារាស្រ្ត។
៧-ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ណែនាំគ្រប់ស្ថានអគ្គរាជទូត និងស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅក្រៅប្រទេសឱ្យប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ៤ឆ្នាំ ឱ្យបានសមរម្យ និង
៨-ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវត្រៀមលក្ខណៈដោះស្រាយ ថវិកា សម្រាប់បម្រើការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឱ្យបានទាន់ពេលវេលា៕
ដោយ សាយ សុន
