សាខាកាកបាទ​ក្រហមកម្ពុជា​រាជធានីភ្នំពេញ​ រៀបចំបើក​កម្មវិធីបំពាក់​ឧបករណ៍​ជំនួយ​សំឡេងដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋដែលមានបញ្ហាការស្តាប់ គ ថ្លង់

ថ្ងៃព្រហស្បតិ៍ ទី ១១ ឧសភា ២០១៧​
177

កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅបរិវេណទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ​ សហការជាមួយមូលនិធិស្តារឃីសហរដ្ឋអាមេរិក​ និងសហភាពសហព័ន្ធយុវជនកម្ពុជា​ បានរៀបចំបើកកម្មវិធីបំពាក់ឧបករណ៍ជំនួយសំឡេងដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ​ដែលមានបញ្ហាការស្តាប់ គ​ ថ្លង់​​ ក្រោមអធិបតីភាព លោកស្រី ឡោក​ ខេង​ អនុប្រធានគណៈកម្មាធិការសាខា​ និងលោក​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៧ ដោយតាមការគ្រោងទុក នឹងមានប្រជាពលរដ្ឋមកទទួលចំនួន១៥០០នាក់ ក្នុងនោះមកពីខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ ព្រៃវែង និងរាជធានីភ្នំពេញផងដែរ។

លោកស្រីអនុប្រធានគណៈកម្មាធិការសាខា​ និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិស្តារឃីសហរដ្ឋអាមេរិក ដែលមានទឹកចិត្តប្រកបដោយបេះដូងមនុស្សធម៌​ បានជួយឧបត្ថម្ភឧបករណ៍ជំនួយសំឡេងជាលើកទី៣ ជូនប្រជាពលរដ្ឋ​ដែលមានបញ្ហាការស្តាប់ គ​ ថ្លង់​​ នៅកម្ពុជា ឲ្យបានស្តាប់ឮ ដូចទៅនឹងការចាប់ផ្តើមជីវិតថ្មីរបស់ពួកគាត់​។

នាឱកាសនោះផងដែរ គណៈអធិបតី​ក៏បានសំណូមពរដល់បងប្អូនដែលបានទទួលនូវឧបករណ៍ជំនួយសំឡេងរួចហើយ សូមថែរក្សាឲ្យបានល្អ​ និងទុកដាក់ឲ្យបានត្រឹមត្រូវ​ ដើម្បីប្រើប្រាស់បានយូរអង្វែង​ ហើយចំពោះករណីឧបករណ៍មានបញ្ហាអស់ថ្ម ឬខូច សូមទំនាក់ទំនងតាមសាខាកាកបាទក្រហមកម្ពុជា​ រាជធានី​-ខេត្ត​ ដែលខ្លួនរស់​នៅ ដើម្បីធ្វើការផ្លាស់ប្តូរ​ ឬជួសជុលដោយឥតគិតថ្លៃ​៕

 

ចែករំលែក

បញ្ចេញយោបល់