ឯកឧត្ដម ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់កម្ពុជាហើយ តាមជើងយន្តហោះពិសេស នាវេលា ម៉ោង១២ និង៣០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ សម្រាប់ទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ ( ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ) ដែលជាការតបតាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូអមដំណើរត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ពីសំណាក់ សម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធាន គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជារដ្ឋមន្ត្រីអមមន្ត្រីពិធីការ កងកិត្តិយសនគរបាលជាតិ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា មន្ត្រីរាជការសាលារាជធានីភ្នំពេញ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
តាមការផ្សាយរបស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចតេជោនាថ្ងៃនេះ បានឱ្យដឹងថាកាលពីម៉ោង ១២:៣០ ថ្ងៃត្រង់នេះ ឯកឧត្តមប្រធានាធិបតីចិន Xi Jinping បានអញ្ជើញមកដល់ ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាពហើយ។
ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានាធិបតី Xi Jinping គឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការ ពង្រឹង និងពង្រីកមិត្តភាព និងសហប្រតិបត្តិការជាប្រពៃណី រវាងប្រទេសយើងជាបងប្អូនទាំងពីរកម្ពុជា-ចិន។
នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតី XI Jinping នឹងអញ្ជើញចូលក្រាបបង្គំគាល់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញសួរសុខទុក្ខ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមប្រធានាធិបតី XI Jinping នឹងអញ្ជើញជួបសន្ទនា ពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអញ្ជើញ ជាអធិបតីរួមជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងពិធីចុះហត្ថលេខា លើឯកសារផ្លូវការមួយចំនួន ផងដែរនៅវិមានរដ្ឋាភិបាលសន្តិភាព៕