កំពែងថ្មបាយក្រៀមប្រាសាទបន្ទាយក្តីនាជ្រុងពាយ័ព្យ បណ្តោយប្រវែង៥.៥០ម៉ែត្រ កម្ពស់៣.៧០ម៉ែត្រ ត្រូវបានជួសជុលឡើងវិញដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ។ ការជួសជុលនេះធ្វើឡើងក្នុងបំណងលើកតម្លៃមរតកវប្បធម៌ជាតិ រក្សាសោភ័ណភាព និងអភិរក្សសំណង់ឱ្យនៅគង់វង្សយូរអង្វែងសម្រាប់អ្នកជំនាន់ក្រោយ។
លោក ម៉ៅ សុខនី អ្នកជំនាញអភិរក្សប្រាសាទក្នុងឧទ្យានអង្គរបានឱ្យដឹងថា កំពែងប្រាសាទបន្ទាយក្តីត្រង់ជ្រុងពាយ័ព្យនេះ ចាប់ផ្តើមជួសជុលពីខែមករា ឆ្នាំ២០១៧ បន្ទាប់ពីធ្វើកំណាយរកឃើញថាបាតគ្រឹះក្រោមពុកផុយមិនអាចទ្រទម្ងន់ថ្មពីលើបាន។ មួយទៀត ជញ្ជាំងកំពែងនេះក៏ទ្រេតដួលទៅខាងជើងមួយផ្នែកទៀតផង ដែលអាចបង្កហានិភ័យបាក់រលំជញ្ជាំងកំពែងកាន់តែខ្លាំងនិងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរជាយថាហេតុ។ ដូច្នេះហើយទើបនាយកដ្ឋានសម្រេចចិត្តជួសជុលជាបន្ទាន់។
លោក សុខនី បន្តទៀតថា ការជួសជុលកំពែងប្រាសាទបន្ទាយក្តីនេះគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០១៧នេះហើយ ដែលនេះជាការជួសជុលលើកទី២ បន្ទាប់ពីបារាំងជួសជុលនាទសវត្សឆ្នាំ១៩៥០ ដោយប្រើស៊ីម៉ង់ត៍ដើម្បីបិទភ្ជិតថ្មបាយក្រៀមឱ្យជាប់គ្នា។ រីឯការជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា គឺអនុវត្តតាមបច្ចេកទេសនិងវត្ថុធាតុដើមពីបុរាណដែលមានក្នុងស្រុក ដោយចាប់ផ្តើមពង្រឹងបាតគ្រឹះស្រទាប់ទី១ ទី២ ទី៣ឱ្យមាំតាមរយៈការយកថ្មថ្មីមកប្រើជំនួសថ្មពុកផុយ ឯថ្មចាស់ខ្លះដែលនៅប្រើការបាន ក៏ត្រូវបានយកមកប្រើវិញដែរ។ ក្រុមការងារបានរៀបថ្មទៅវិញដោយបិទភ្ជិតបាតក្រោមឱ្យជិតល្អ មិនឱ្យទឹកជ្រាបចូល ដោយប្រើបាយអដែលផ្សំពីកម្ទេចថ្មបាយក្រៀម ខ្សាច់ ដីដំបូក និងកាវសម្រាប់ប្រើក្នុងការអភិរក្ស ដែលធានាបានមិនបង្កផលប៉ះពាល់ដល់សំណង់។ ក្រៅពីនោះថ្មនីមួយៗ ក៏មានធ្នាក់សម្រាប់ទាក់គ្នាទៅវិញទៅមក ធានាបាននូវភាពរឹងមាំ ជាប់ល្អ ហើយថ្មទាំងនោះក៏រៀបត្រូវតាមលំដាប់ និងទីតាំងដោយអ្នកជំនាញមានបទពិសោធន៍យូរឆ្នាំ។
អ្នកជំនាញរូបនេះជឿជាក់ខ្ពស់ថា ការជួសជុលតាមរបៀបបុរាណ ទាំងបច្ចេកទេសនិងសម្ភារៈ នឹងទទួលបានលទ្ធផលនិងគុណភាពល្អជាប់បានយូរដូចបុរាណដែរ ហើយក្រោយពីបញ្ចប់ការជួសជុលនៅកំពែងប្រាសាទបន្ទាយក្តី ជ្រុងពាយ័ព្យ នាយកដ្ឋានអភិរក្សក្នុងឧទ្យាន ក៏មានគម្រោងជួសជុលនៅទីតាំងផ្សេងៗនៃកំពែងនិងតួប្រាសាទផងដែរ ព្រោះវាមានសភាពទ្រុឌទ្រោមខ្លាំងច្រើនកន្លែង ដែលទាមទារឱ្យមានការសង្គ្រោះបន្ទាន់៕