លោក Moon Jae-in បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ហើយមិនយូរប៉ុន្មានបន្ទាប់ពីពិធីផ្លូវការ លោកនឹងត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថ្មី ប្រធានទីភ្នាក់ងារចារកម្ម ប្រធានខុទ្ធកាល័យប្រធានាធិបតី និងប្រធានសន្តិសុខប្រធានាធិបតី ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ។
សេចក្តីរាយការណ៍បានឱ្យដឹងថា លោក Lee Nak-Yon អភិបាលខេត្ត Jeolla ភាគខាងត្បូងត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទីមួយនៃរដ្ឋាភិបាលលោក Moon។
លោក Lee អាយុ ៦៥ឆ្នាំគឺជាអតីតអ្នកកាសែតដែលបានចូលប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ ២០០០និងបានបម្រើការជាតំណាងរាស្ត្រម្នាក់។
លោកបានធ្វើការជាអ្នកនាំពាក្យប្រធានាធិបតី លោក គីម ដេជុង និងលោក Roh Moo-Hyun ។ លោកបានជាប់ឆ្នោតជាអភិបាលខេត្តក្នុងឆ្នាំ២០១៤។
បេក្ខភាពនាយករដ្ឋមន្រ្តីតម្រូវឱ្យមានការផ្តល់សច្ចាប័នពីសភាដើម្បីទទួលបានតំណែង។
ពិធីបើកសម្ពោធនេះត្រូវបានប្រារព្ធឡើងនៅសាលធំនៃអគារសភា ក្នុងពេលតែប៉ុន្មានម៉ោងបន្ទាប់ពីលទ្ធផលបោះឆ្នោតត្រូវបានបញ្ជាក់ដោយគណៈកម្មការបោះឆ្នោតជាតិ។ លោកMoon បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដីក្នុងការប្រកួតប្រជែងប្រធានាធិបតីរបស់ប្រទេសនេះ។
នៅក្នុងសុន្ទរកថាមួយដែលផ្សាយតាមទូរទស្សន៍ លោក Moon បាននិយាយថាលោកនឹងបោះជំហានទៅមុខ ដើម្បីឱ្យមានការផ្លាស់ប្តូរសម្រាប់សន្តិភាពនៅលើឧបទ្វីបកូរ៉េ និងបានប្តេជ្ញាដើម្បីទៅទស្សនកិច្ចក្រុងព្យុងយ៉ាងរដ្ឋធានីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នៅក្រោមលក្ខខណ្ឌត្រឹមត្រូវ។
លោក Moon បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយគណបក្សប្រឆាំងនិងបានជួបជាមួយប្រធាននៃភាគីនានានៅក្នុងរដ្ឋសភា មុនពេលចូលរួមក្នុងពិធីបើកសម្ពោធនេះ៕